សម្តេចប៉ាបឡេអូ ថ្កោលទោសស្ថានភាពអ្នកទោសក្នុងដំណើរទស្សនកិច្ចទៅកាន់ពន្ធនាគារមួយនៅអាហ្រ្វិក
សម្តេចប៉ាបឡេអូទី១៤ បានយាងទៅសាកសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារដ៏ធំមួយនៅក្នុងប្រទេសហ្គីណេអេក្វាទ័រកាលពីថ្ងៃពុធកន្លងទៅនេះ ហើយបានរិះគន់ជាចំហរអំពីស្ថានភាពអ្នកទោសនៅក្នុងប្រទេសនេះ។
នាឱកាសនោះ នៅក្នុងសុន្ទរកថារបស់សម្តេចប៉ាបឡេអូ បានជំរុញឱ្យមានការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបញ្ជាក់ពីការព្រួយបារម្ភអំពីការចង្អៀតណែន និងយុត្តិធម៌នៅក្នុងប្រទេសដែលត្រូវបានចោទប្រកាន់ជាយូរមកហើយ អំពីការរំលោភសិទ្ធិមនុស្ស។
នាឱកាសនោះសម្តេចប៉ាបឡេអូបានមានបន្ទូលទៅកាន់អ្នកទោស ៦00 នាក់ ដែលរួមមានទាំងស្ត្រីប្រហែល ៣០ នាក់ថា ការគ្រប់គ្រងយុត្តិធម៌មានគោលបំណងការពារសង្គម។
ខាងលើនេះ ជាសេចក្តីរាយការណ៍របស់ទូរទស្សន៍ ប៊ីប៊ីស៊ី ហើយតាមរយៈការផ្សាយរបស់វ៉ាទីកង់ញូវវិញ បានឲ្យដឹងថា នាឱកាសនោះ សម្តេចប៉ាបឡេអូ បានមានបន្ទូលសង្កត់ធ្ងន់ដល់ តួនាទីនៃប្រព័ន្ធយុត្តិធម៌។
សម្តេចប៉ាបឡេអូ បានទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារសង្គម ប៉ុន្តែបានសង្កត់ធ្ងន់ថា វាក៏ត្រូវតែលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងសក្តានុពលរបស់បុគ្គលម្នាក់ៗ។
ទ្រង់បានមានបន្ទូលថា «យុត្តិធម៌ពិតមិនមែនគ្រាន់តែស្វែងរកការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែជាការជួយកសាងជីវិតរបស់ជនរងគ្រោះ ជនល្មើស និងសហគមន៍ដែលរងរបួសដោយអំពើអាក្រក់ឡើងវិញ» ហើយក៏បន្ថែមថា «គ្មានយុត្តិធម៌ណាកើតមាន ដោយគ្មានការផ្សះផ្សានោះឡើយ»។
ជាមួយនោះសម្តេចប៉ាបឡេអូបានពិពណ៌នាអំពីតួនាទីពន្ធនាគារថា ទីនោះមិនត្រឹមតែជាកន្លែងឃុំឃាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលអាចធ្វើទៅរួចសម្រាប់ការឆ្លុះបញ្ចាំង និងការអភិវឌ្ឍផ្ទាល់ខ្លួនផងដែរ។
ទ្រង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានការអប់រំ និងការងារដែលមានអត្ថន័យក្នុងអំឡុងពេលឃុំឃាំង។
សម្តេចប៉ាបឡេអូបានបញ្ជាក់ថា ជីវិតមិនត្រូវបានកំណត់ដោយកំហុសតែម្តងនោះទេ គ្រប់គ្នាតែងមាន លទ្ធភាពចាប់ផ្តើមឡើងវិញបាន៕