សម្តេចប៉ាបឡេអូទី១៤ តែងតាំងនាយកសេវាថែទាំសុខភាពបុរីវ៉ាទីកង់ថ្មី

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី១៤ បានសម្រេចចិត្តតែងតាំងលោកវេជ្ជបណ្ឌិត ល្វីជី ខាបោន (Luigi Carbone) ជានាយកការិយាល័យសុខភាពនិងអនាម័យរបស់បុរីវ៉ាទីកង់ ដែលជាស្ថាប័នមានភារកិច្ចធានាបញ្ហាអនាម័យសាធារណៈ និងសុខភាពនៅក្នុងបុរីវ៉ាទីកង់ទាំងមូល។
នៅមុនការតែងតាំង លោកវេជ្ជបណ្ឌិត ខាបោន គឺជាមន្រ្តីដែលកំពុងតែកាន់តំណែងជានាយករងនៃការិយាល័យដដែលនេះ។
ក្រៅពីនេះលោកវេជ្ជបណ្ឌិត ក៏ជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់សម្តេច ហ្រ្វង់ស៊ីស្កូ ដែលបានអមដំណើរទ្រង់ជាបន្តបន្ទាប់នៅក្នុងអំឡុងពេលមានជំងឺ ហើយចូលសម្រាកមន្ទីរពេទ្យ។
ប្រភពដដែលបានលើកឡើងថា លោកវេជ្ជបណ្ឌិត ដែលទើបតែងតាំងថ្មីនឹងចូលកាន់តំណែងនៅការិយាល័យនេះចាប់ពី ថ្ងៃទី១ ខែសីហាតទៅ។
លោកវេជ្ជបណ្ឌិត ខាបោន ត្រូវបានគេដឹងថា គឺបានបន្តតំណែងពីលោកសាស្រា្តចារ្យ អេនដ្រេ អាខេនជេលី ( Andrea Arcangeli) ដែលបានបម្រើការជានាយកការិយាល័យនេះចាប់តាំងពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។
លោកសាស្រា្តចារ្យ អាខេនជេលី បានចូលនិវត្តន៍ដោយសារតែពេលនេះលោកមានអាយុ ៧០ ឆ្នាំទៅហើយ៕
Daily Program
