សម្តេចប៉ាបឡេអូទី១៤ ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី១៤ និងប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានធ្វើការសន្ទនានឹងគ្នាតាមទូរស័ព្ទ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥។

នាយកការិយាល័យព័ត៌មានសន្តអាសនៈលោក ម៉ាតេអូ ប្រ៊ុននី (Matteo Bruni ) បាននិយាយថា ការសន្ទនាគ្នានេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អំពាវនាវ​របស់​សម្តេច​ប៉ាបឲ្យមាន​សន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន​​ក្នុងពេលដែលទ្រង់មានបន្ទូលទៅកាន់គ្រីស្តបរិស័ទកំពុងជួបជុំគ្នានៅទីលានសន្តសិលា នៅ​រសៀល​ថ្ងៃ​អាទិត្យ។

បន្ទាប់ពីការសន្ទនាជាលើកដំបូងជាមួយនឹងសម្តេចប៉ាបឡេអូ លោក ហ្សេឡេនស្គី បានបង្ហោះនៅលើ​បណ្តាញសង្គម X ថា លោកពិតជាអរគុណ សម្តេចប៉ាបឡេអូសម្រាប់ការគាំទ្ររបស់ទ្រង់ចំពោះអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា យើងវាយតម្លៃខ្ពស់ចំពោះបន្ទូលរបស់សម្តេចប៉ាបអំពីតម្រូវការដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងសម្រាប់អ៊ុយក្រែន និងការដោះលែងអ្នកទោស។​

លើសពីនេះទៀត លោកបាននិយាយថា លោកបានជូនដំណឹងដល់សម្តេចប៉ាបអំពី "កិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងដៃគូថា ចាប់ពីថ្ងៃនេះតទៅ បទឈប់បាញ់ពេញលេញ និងដោយគ្មានលក្ខខណ្ឌយ៉ាងហោចណាស់ ៣០ ថ្ងៃត្រូវតែចាប់ផ្តើម"។

លោកប្រធានាធិបតីបានបន្ថែមថា លោកបានបញ្ជាក់ជាថ្មីថា "ការត្រៀមខ្លួនរបស់អ៊ុយក្រែនសម្រាប់ការចរចាបន្ថែមទៀតក្នុងទម្រង់ណាមួយ រួមទាំងការពិភាក្សាដោយផ្ទាល់"។

ក្នុងស្មារតីនេះ លោកបាននិយាយថា "អ៊ុយក្រែនចង់បញ្ចប់សង្រ្គាមនេះ ហើយកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចបាន" ហើយថាអ៊ុយក្រែន "កំពុងរង់ចាំជំហានស្រដៀងគ្នាពីរុស្ស៊ី"។

លោកប្រធានាធិបតី បានកត់សម្គាល់ថា លោកបានអញ្ជើញសម្តេចប៉ាប ឲ្យយាងមកបំពេញទស្សនៈកិច្ចទៅកាន់អ៊ុយក្រែនដោយនិយាយថាដំណើរទស្សនកិច្ចបែបនេះ នឹងនាំមកនូវក្តីសង្ឃឹមពិតប្រាកដគ្រីស្តបរិស័ទនិងប្រជាជនអ៊ុយក្រែន៕

Daily Program

Livesteam thumbnail