សម្តេចប៉ាបឡេអូទី១៤! ជនអន្តោប្រវេសន៍ត្រូវតែគោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះ
សម្តេចប៉ាបឡេអូទី១៤បានធ្វើការណែនាំប្រាប់ជនអន្តោប្រវេសន៍នានាថា ពួកគេមានកាតព្វកិច្ចគោរពច្បាប់ និងទំនៀមទម្លាប់របស់ប្រទេសដែលទទួលយកពួកគេ។
មានបន្ទូលក្នុងកិច្ចប្រជុំមួយនៅកោះតេណេរីហ្វ (Tenerife) នៅអេស្ប៉ាញ ជាមួយអង្គការដែលធ្វើការជាមួយជនអន្តោប្រវេសន៍ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូល ថា ការធ្វើសមាហរណកម្មគឺជា «ដំណើរទៅវិញទៅមក ហើយទ្រង់បានណែនាំដល់អ្នកចំណូលថ្មីថា វាជាការទទួលខុសត្រូវរបស់ពួកគេក្នុងការរៀនភាសា គោរពច្បាប់ និងរៀនទំនៀមទម្លាប់ម្ចាស់ស្រុក។
សម្តេចប៉ាបឡេអូបានមានបន្ទូល ក្នុងអំឡុងពេលបញ្ចប់កម្មវិធីចុងក្រោយ នៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់ទ្រង់នៅប្រទេសអេស្ប៉ាញ មុនពេលយាងវិលត្រឡប់ទៅកាន់ទីក្រុងរ៉ូមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺគ្មានព្រំដែន គ្មានការបែងចែក ហើយទ្រង់ ផ្តល់ជូននូវសេចក្តីស្រលាញ់នោះដល់មនុស្សទាំងអស់គ្នាដោយស្មើៗគ្នា ប៉ុន្តែប្រទេសនីមួយៗគឺំមានច្បាប់មានទម្លាប់ផ្សេងៗគ្នា ។
សម្តេចប៉ាបឡេអូបានមានបន្ទូលកត់សម្គាល់អំពីអ្វីដែលទ្រង់ កំពុងស្វែងរកតុល្យភាពនៃការអាណិតអាសូរ ជាមួយនឹងការអំពាវនាវឱ្យមានសណ្តាប់ធ្នាប់។
កោះតេណេរីហ្វ គឺជាច្រកទ្វារសំខាន់មួយទៅកាន់អឺរ៉ុបសម្រាប់មនុស្សរាប់ពាន់នាក់ដែលឆ្លងកាត់មហាសមុទ្រអាត្លង់ទិកពីទ្វីបអាហ្វ្រិក។ សម្តេចប៉ាបឡេអូបានអំពាវនាវដល់អ្នកដែល រៀបចំផ្លូវស្លាប់ និងចរាចរណ៍មនុស្សឱ្យ ឈប់ និងប្រែចិត្ត។ ហើយទ្រង់ បានព្រមានថា ជនអន្តោប្រវេសន៍ជាច្រើនប្រឈមមុខនឹង ការលិចកប៉ាល់ស្ងាត់ៗ បន្ទាប់ពីទៅដល់អឺរ៉ុប ដោយរកឃើញថាខ្លួនឯងនៅម្នាក់ឯង គ្មានបណ្តាញគាំទ្រ ការងារ ឬសន្តិសុខ និងងាយរងគ្រោះដោយការកេងប្រវ័ញ្ច និងការរំលោភបំពាន៕