សម្តេចប៉ាបឡេអូទី១៤៖ អត្តពលិកប្រណាំងកង់ គឺជាគំរូសម្រាប់យុវវ័យ

សម្តេចឡេអូទី១៤បានយាងស្វាគមន៍អត្តពលិកអ្នកប្រណាំងកង់ នៅក្នុងកម្មវិធី Giro d'Italia នៅពេលពួកគេឆ្លងកាត់បុរីវ៉ាទីកង់ ដោយបង្ហាញពីតួនាទីរបស់ពួកគេថាជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រឹត្តិការណ៍នោះបានកើតឡើងនៅរសៀលថ្ងៃអាទិត្យ ដោយទ្រង់បានយាងស្វាគមន៍អត្តពលិកប្រណាំងកង់សរុប ១៥៩រូប មកពី ២៩ ប្រទេស។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា "អរុណសួស្តីអ្នកទាំងអស់គ្នា សូមស្វាគមន៍មកកាន់បុរីវ៉ាទីកង់!"។​

សម្តេច​ប៉ាបបានមានបន្ទូល ស្វាគមន៍ពួកគេយ៉ាងកក់ក្តៅថា "នេះជាទិដ្ឋភាពដ៏រីករាយណាស់ ។ ខ្ញុំសង្ឃឹមថាថ្ងៃនេះពិតជាថ្ងៃដ៏អស្ចារ្យសម្រាប់ម្នាក់ៗ"។​

វ៉ាទីកង់ញូវបានរាយការណ៍ថា អត្តពលិកដែលចូលរួមទាំងអស់មិនត្រឹមតែបានចូលរួមការប្រកួតកីឡាប៉ុណ្ណោះទេ ពីព្រោះក្នុងឱកាសនេះ ពួកគេបានធ្វើដំណើរឆ្លងកាត់បុរីវ៉ាទីកង់ដែលជាព្រំប្រទល់នៃជំនឿ។

សម្តេចប៉ាបឡេអូ បានឆ្លៀតយកឱកាសដើម្បីបង្ហាញពីសារៈសំខាន់នៃអត្តពលិកធ្វើជាគំរូសម្រាប់យុវជននៅគ្រប់ទីកន្លែង។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា អ្នកគឺជាគំរូសម្រាប់យុវវ័យនៅជុំវិញពិភពលោក។ ប្រណាំងកង់គឺជាវិញ្ញាសារកីឡាត្រូវបានគេស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង  មិនត្រឹមតែនៅក្នុងប្រទេសអ៊ីតាលីប៉ុណ្ណោះទេថែមទាំងនៅក្នុងប្រទេសជាច្រើនផងដែរ។

សម្តេចប៉ាបឡេអូក៏មានបន្ទូលបន្តថា ការជិះកង់មានសារៈសំខាន់ដូចកីឡាជាទូទៅដែរ ពីព្រោះវាពោរពេញដោយស្មារតីនៃការលះបង់ និងមិត្តភាព៕

Daily Program

Livesteam thumbnail