សម្តេចប៉ាបយាងទទួលសមាគមអ្នកសារព័ត៌មានកាតូលិកអាល្លឺម៉ង់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងជួបនិងផ្តល់ការពិភាក្សាជាមួយនឹងសមាជិកនៃសមាគមអ្នកសារព័ត៌មានកាតូលិកអាល្លឺម៉ង់ កាលពីសប្តាហ៍មុន។
វ៉ាទីកង់ញូវបានរាយការណ៍ថានៅក្នុងចំនួបនេះ សម្តេចប៉ាបបានមានបន្ទូលថា ប្រព័ន្ធផ្សព្វផ្សាយត្រូវការនូវការប្រាស្រ័យ និងទំនាក់ទំនងដើម្បីជួយធ្វើយ៉ាងណាជួយដោះស្រាយនូវបញ្ហានិងជម្លោះផ្សេងៗ។
សម្តេចប៉ាបក៏បានមានបន្ទូលផងដែរថា តួនាទីរបស់អ្នកផ្សព្វផ្សាយព័ត៌មានរបស់ព្រះសហគមន៍កាតូលិក គឺត្រូវផ្តល់នូវសេចក្តីពិតនៃព័ត៌មាន ដែលមានចារឹកលក្ខណៈមិនបញ្ឆេះទំនាស់។
សម្តេចប៉ាបបានមានបន្ទូលថា យើងត្រូវការអ្នកប្រាស្រ័យទាក់ទង ដែលរំលេចរឿងរ៉ាវ និងមុខមាត់របស់អ្នកដែលមិនសូវចាប់អារម្មណ៍ ឬគ្មាននរណាម្នាក់យកចិត្តទុកដាក់ ហើយគួរតែយកចិត្តទុកដាក់នូវការផ្សព្វផ្សាយណាដែលព្យាយាមផ្តល់ដំណោះស្រាយ ដោយមិនបញ្ឆេះបញ្ហា បន្ថែម។
ទ្រង់ក៏បានលើកទឹកចិត្តអ្នកកាសែតកាតូលិកាល្លឺម៉ង់ ឱ្យទាក់ទាញការយកចិត្តទុកដាក់ជាសាធារណៈចំពោះជនក្រីក្រ ជនចំណាកស្រុក និងជនភៀសខ្លួន និងអស់អ្នកដែលរស់នៅលើជ្រុងម្ខាង នៃសង្គម រួមទាំងនៅប្រទេសអាល្លឺម៉ង់ផងដែរ៕