សម្តេចប៉ាបយាងជួបមន្រ្តីប៉ូលីសដែលធ្វើការនៅទីលានសន្តសិលា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងជួបនិងជាអធិបតីភាពនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងក្រុមមន្រ្តីប៉ូលីសដែលប្រចាំការនៅទីលានសន្តសិលា។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាជំនួបដែលបានរៀបចំកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន ពាក់ព័ន្ធនឹងកិច្ចការសន្តិសុខសាធារណៈ និងបញ្ហាសណ្តាប់ធ្នាប់ដែលរៀបចំនៅទីលានសន្តសិលា ដែលជាកន្លែងពិសិដ្ឋមួយនៅបុរីវ៉ាទីកង់។
មកដល់ពេលនេះ សន្តអាសនៈមិនមានកម្លាំងសន្តិសុខផ្ទាល់ខ្លួននោះទេ។ កម្លាំងរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់គឺមានតែកម្លាំងសមត្ថកិច្ចប៉ូលីសអ៊ីតាលី និង កម្លាំងសន្តិសុខស្វីស ដែលបានកំពុងតែបំពេញបេសកម្មសម្រាប់បុរីវ៉ាទីកង់ទាំងមូល។
នាឱកាសនោះសម្តេចប៉ាបបានសំដែងអំណរគុណដល់អស់កម្លាំងសមត្ថកិច្ចជំនាញ ដែលបានបំពេញភារកិច្ចដោយអំណរសប្បាយនិងអំណត់នឹងការងារ ដើម្បីផ្តល់ជូនសុវត្ថិភាពក៏ដូចជា សណ្តាប់ធ្នាប់ជូនដល់អស់អ្នកទេសចរណ៍ក៏ដូចជាអ្នកដែលមានជំនឿដែលបានមកលេងកំសាន្តនិងចូលរួមកម្មវិធីខាងសាសនាផ្សេងៗ៕