សម្តេចប៉ាបមិនដែលបំភ្លេចអំពើប្រល័យពូជសាសាន៍នៅរវ៉ាន់ដា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ទ្រង់មិនដែលភ្លេចសោះចំពោះអំពើប្រល័យពូជាសាសន៍ដែលបានកើតមានឡើងនៅប្រទេសរវ៉ាន់ដា។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់បានជួ បជាមួយនឹង អង្គការ Nolite Timere ដែលជាអង្គការក្រៅរដ្ឋាភិបាលអ៊ីតាលីដែលកំពុងធ្វើការរៃអង្គាសមូលនិធិជួយជនរងគ្រោះជាកុមារកំព្រានៅរវ៉ាន់ដា ដែលភាគច្រើននៃពួកគេគឺរងគ្រោះនឹងអំពើប្រល័យពូជសាសន៍កាលពីឆ្នាំ១៩៩៤។
នៅក្នុងជំនួបកាលពីចុងសប្តាហ៍កន្លងទៅនេះសម្តេចប៉ាបបានមានបន្ទូលថា ៖ «អំពើប្រល័យពូជសាសន៍នោះពិតជាអាក្រក់ វាគួរឱ្យភ័យខ្លាច។ កុំភ្លេចវា ដូច្នេះវាមិនអាចកើតឡើងម្តងទៀតបានទេ»។
នាឱកាសនោះដែរសម្តេចប៉ាបក៏បានជំរុញអោយអង្គការជួយកុមាររងគ្រោះទាំងអស់នៅក្នុងគម្រោងឲ្យពួកគេអាចមានសមត្ថភាពដើម្បីចាប់ផ្តើមនូវក្តីសង្ឃឹមម្តងទៀត។
សម្តេចប៉ាបបានមានបន្ទូលបន្តថា សង្រ្គាម និងអាវុធ បានកំពុងតែឆក់យកស្នាមញញឹម និងអនាគតរបស់កុមារទៅកាន់តែឆ្ងាយ។
សម្តេចប៉ាបក៏បានសង្កត់ធ្ងន់បន្តថា នេះហើយជាមូលហេតុដែលយើងគួរតែជួយ បង្កើតឱកាសសម្រាប់មិត្តភាព និងបង្កើតឱ្យមានទំនាក់ទំនងដែលស្ថិតស្ថេរជាមួយនឹងពួកគេ៕