សម្តេចប៉ាបជួបជាមួយលោកស្រីប្រធានអង្គការយូនីសេហ្វ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនិងលោកស្រី ខេឌឺរិន រ៉ូសែល (Catherine Russell) នាយកប្រតិបត្តិនៃអង្គការយូនីសេហ្វ បានជួបប្រជុំ និងឆ្លុះបញ្ចាំងរួមគ្នាលើការការពារកុមារដែលរងគ្រោះភាគច្រើ​នពីជម្លោះ និងគ្រោះមហន្តរាយនៅទូទាំងពិភពលោក។

យូនីសេហ្វ គឺជាមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហើយធ្វើការនៅក្នុងប្រទេស និងដែ​នដីជាង ១៩០ដើម្បីជួយសង្រ្គោះ និងការពារសិទ្ធិរបស់កុមារ និងយុវជនដែលខ្វះខាតបំផុតក្នុងពិភពលោក។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វ បានឲ្យដឹងថា លោកស្រី ខេឌឺរិន រ៉ូសែល បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកស្រីទៅកាន់ទីក្រុងរ៉ូម ដែលរួមមានការចូលរួមក្នុងទិវាកុមារពិភពលោកលើកដំបូងរបស់បុរីវ៉ាទីកង់ ដែលរៀបចំដោយក្រសួងទទួ​ល​បន្ទុកការអប់រំនិងវប្បធម៌ ដែលប្រមូលផ្តុំមនុស្សរាប់សិបនាក់។

លោកស្រី និងសម្តេចប៉ាបក៏បានជួប កុមាររាប់ម៉ឺននាក់មកពីជុំវិញពិភពលោក រួមទាំងមកពីប្រទេសដែលហែកហួរដោយសង្រ្គាម រួមជាមួយឪពុកម្តាយ តារាល្បីៗក្នុងស្រុក និងអ្នកស្ម័គ្រចិត្តរបស់ UNICEF រាប់រយនាក់នៅពហុកីឡដ្ឋានអូឡាំពិកទីក្រុងរ៉ូម។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ លោកស្រីនាយកប្រតិបត្តិបានជំរុញឱ្យកុមារនៅក្នុងពហុកី​ឡដ្ឋាន និងអ្នកដែលមើលមកពីជុំវិញពិភពលោក ជួយបង្កើតពិភពលោកដែលមានសន្តិភាព និងសមធម៌ សម្រាប់មនុស្សទាំងអស់៕

Daily Program

Livesteam thumbnail