សម្តេចប៉ាបជួបជាមួយប្រធានាធិបតីសាធារណរដ្ឋ​ដូមីនីកែន

សម្តេច​ប៉ាបហ្វ្រង់ស៊ីស្កូ បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ដូមីនីកែន លោក ល្វីស រ៉ូឌូលហ្វូ អាប៊ីណាឌ័ កូរ៉ូណា (Luis Rodolfo Abinader Corona) នៅ​បុរី​វ៉ាទីកង់ កាល​ពី​ថ្ងៃ​ចន្ទ។

បន្ទាប់ពីជំនួបជាមួយនឹងសម្តេចប៉ាប លោកប្រធានាធិបតី ក៏បានបន្តជួបជាមួយ លោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន ( Cardinal Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ អមដោយលោ​កអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គែ (Paul Richard Gallagher) រដ្ឋមន្រ្តីនៃក្រសួងទំនាក់ទំ​នងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។

ការិយាល័យព័ត៌មានសន្តអាសនៈ បានឲ្យដឹង ថា ការពិភាក្សារវាងភាគីទាំងពីរគឺ «មានភាពស្និទ្ធស្នាល» ហើយរំពឹងថា ទំនាក់ទំនងរដ្ឋទាំងពីរនឹងកាន់តែពង្រឹង។​

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតលើការរួមចំណែកដ៏មានតម្លៃដែលផ្តល់ ដោយព្រះសហគមន៍ ជាពិសេសនៅក្នុងវិស័យអប់រំ ក៏ដូចជានៅក្នុងផ្នែកមនុស្សធម៌។

កិច្ចសន្ទនារវាងភាគីទាំងពីរក៏បានផ្តោតនៅលើ ប្រធានបទផ្សេងៗដែលមាន ផលប្រយោជន៍ទៅវិញទៅមក ដូចជាបញ្ហាជនចំណាកស្រុក និងស្ថានភាពក្នុងតំបន់ ការបន្តការប្តេជ្ញាចិត្តទៅវិញទៅមក ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាជនដូមីនីកែន និង​ព្រះសហគមន៍កាតូលិក៕

Daily Program

Livesteam thumbnail