សម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េ
នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុករបស់លោកថា គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៥ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។
ក្នុងឱកាសនៃទស្សនកិច្ចនេះ នឹងមានជំនួបទ្វេភាគីជាមួយលោក ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងកាលពីថ្ងៃទី១៣ ខែឧសភាថា អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ លោកនាយករដ្ឋមន្តី្រ ហាន់ ដុកស៊ូ (Han Duck-soo) និងលោកប្រធានរដ្ឋសភា គីម ជីនស្គូ (Kim Jin-pyo)។ សម្ដេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉ផងដែរ៕