សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោឱ្យបានកាន់តែឆាប់ កាន់តែល្អ
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោឱ្យបានកាន់តែឆាប់ កាន់តែល្អ។
ការស្នើដូចនេះ ធ្វើឡើងតាមរយៈការថ្លែងសារពិសេសរបស់សម្តេចតេជោពាក់ព័ន្ធនឹងព្រែកជីក ហ្វូណន តេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ មានប្រសាសន៍ថា ៖ «ខ្ញុំសូមផ្តល់មតិទៅនាយករដ្ឋមន្រ្តីថ្មី រាជរដ្ឋាភិបាលកុំយប់យូរ សុបិនច្រើន បើបើកការដ្ឋានបានឆាប់ គឺធ្វើទៅ កុំនៅរងចាំអីទៀត។ ជំរុញឱ្យមានការបើកការដ្ឋានឱ្យបានឆាប់ គឺធ្វើទៅ គ្មានត្រូវរងចាំអ្វីតទៅទៀតទេ យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើង យើងត្រូវគិតដល់ឯករាជ្យភាពរបស់យើង»។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ ហើយវាគឺជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះផ្តើមចេញពីប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «គម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។ ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ វាជារឿងខ្មាសអៀនណាស់ ចំពោះជនដែលលើកឡើងថា គម្រោងព្រែកជីកប្រើសម្រាប់ការចល័តនាវាទ័ព»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរដោយចាត់ទុកការប្ដូរប្រូហ្វាល់ (profile) របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ៖ «សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន»។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។
តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។
គម្រោងនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។
ទាក់ទងនឹងការកសាងព្រែកជីកហ្វូណន តេជោនេះដែរ លោក គឹមរ័ត្ន វិសិដ្ឋ តំណាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឱ្យដឹងថា លោកគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងព្រែកជីកហ្វូនណនតេជោនេះ។
លោកបានឱ្យដឹងថា ព្រែកជីកនេះគឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យសម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិ និងជាសមិទ្ធផលដ៏គួរឱ្យស្ងប់ស្ងែងសម្រាប់កូនខ្មែរតជំនាន់៕