សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ
នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ លោក មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។
យោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសំដែងក្តីរីករាយដែលបានជួប លោកមីន អោងឡាំង សាជាថ្មី និងអរគុណចំពោះសារអបអរសាទររបស់លោកសម្រាប់សម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា។
សម្តេចបានលើកឡើងថា ៖ «កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា»។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យលោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកស្រីអោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។
ក្នុងជំនួបនេះដែរ លោក មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ លោកក៏បានវាយតម្លៃខ្ពស់នៃការចូលរួមរបស់សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកឡើងដោយបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។
សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។
ជាការឆ្លើយតប លោក មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកបានបន្តថា លោកនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៌ និងមានតម្លាភាព។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិប្បធម៌ និងកីឡា៕