សម្តេចតេជោ ហ៊ុន សែន បាន​ទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច

លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត ដែលកំពុងរស់នៅប្រទេសអូស្រ្តាលីបាន​សរសេលិខិត​ផ្ញើជូនសម្តេចតេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយសុំការ​អភ័យទោសចំពោះរាជរដ្ឋាភិបាល ជាពិសេសចំ​ពោះសម្តេចតេជោ ហ៊ុន សែន។​

យោងតាមលិខិត​របស់​លោក ជា ប៉ូច ចុះថ្ងៃទី​២៣ ខែមេសា ឆ្នំា២០២៤ បាន​ឱ្យដឹងថា ​លោកពិតជាមានការសោកស្តាយ ដែល​បានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ​បានធ្វើអោយប៉ះពាល់ដល់ ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នា​នារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សម្តេចតេជោ។

លោកបានបញ្ជាក់ថា ៖ «ខ្ញុំ​បាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

លោក ជា ប៉ូច បានបន្តថា ៖ «ខ្ញុំបាទសូមជម្រាបជូនសម្តេចតេជោថា ខ្ញុំបានសម្រេចចិត្តផ្តាច់ខ្លួនពីលោក សម រង្ស៊ី និ​ងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះ ជាតិ ព្រ​មទាំងគណបក្សភ្លើងទៀន និង គណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ ជំនឿទៅ​​លើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាថ ការលាបពណ៌ ការបំ​បែ​កបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន»។​

តាមរយៈលិខិតដដែលនោះដែរ លោកក៏​បាន​គោរពស្នើសុំសម្ដេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការលើកលែងការចោទប្រកាន់ ដល់រូបលោក ចំពោះទង្វើដែលលោកបានប្រព្រឹត្តខុ​សក្នុងរយៈពេលកន្លងទៅ និង​ផ្តល់ឱកាសឲ្យលោក បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំ​បូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ។

បន្ទាប់ពី​ទទួលបានលិខិតសូមអភ័យទោសនេះដែរ សម្តេចតេជោ ហ៊ុន សែន បាន​សរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់​សម្តេច​ថា សម្តេច​បានទទួលរួចហើយនូវលិខិតរបស់លោក ជា ប៉ូច។

សម្តេចបានបញ្ជាក់ថា ៖ «ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំ​ សូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»​។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បាន​លើកឡើងដែរថា ៖ «ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថាយើ​ងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួនចេ​ញពីជនក្បត់ជាតិបីជំនាន់នឹងសូមលើកលែងទោសឲ្យពួកគេតែយើងមិនអត់ឱនឲ្យជនណាឬក្រុ​មណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត»។

សម្តេច​នឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់ម​កលើគណបក្សឬមកលើរូបសម្តេច​តទៅទៀតដោយគ្មានការលើកលែង។

សម្តេចបញ្ជាក់ថា ៖ «យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»៕​

Daily Program

Livesteam thumbnail