សម្តេចតេជោ ហ៊ុន សែន ទិដ្ឋភាពបាល់ទាត់សកលលោកកំពុងផ្លាស់ប្តូរ ខណៈបណ្តាប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍ កំពុងបង្កើតសមិទ្ធផលលេចធ្លោ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កេតឃើញថា ទិដ្ឋភាពបាល់ទាត់សកលលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយស្តែងចេញតាមរយៈការបង្ហាញខ្លួន និងជោគជ័យកាន់តែច្រើនឡើងរបស់ក្រុមបាល់ទាត់មកពីបណ្តាប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ២០២៦។

នៅក្នុងការបង្ហោះលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ បានមានប្រសាសន៍ថា ការប្រកួត World Cup នាពេលថ្មីៗនេះ បានធ្វើឱ្យសម្តេចគិតគូរ និងឆ្លុះបញ្ចាំងអំពីអ្វីដែលសម្តេចហៅថា «ភូមិសាស្ត្របាល់ទាត់» (Geofootball) ដែលសម្តេចបានកត់សម្គាល់ថា មានលក្ខណៈខុសប្លែកគ្នាទាំងស្រុងពីភូមិសាស្ត្រនយោបាយ (Geopolitics)។

សម្តេចបានសរសេរថា៖ «កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយអំពីធម្មជាតិនៃបាល់ទាត់ថាជាបាល់មូល។ បន្ទាប់ពីការប្រកួតនាពេលថ្មីៗនេះ រួមទាំងការប្រកួតកាលពីយប់មិញផងនោះ យើងគួរតែចាប់ផ្តើមនិយាយអំពី 'ភូមិសាស្ត្របាល់ទាត់' ដែលខុសគ្នាទាំងស្រុងពីភូមិសាស្ត្រនយោបាយ»។

សម្តេចតេជោ បានបញ្ជាក់ជាថ្មីនូវទស្សនៈដែលសម្តេចបានប្រកាន់ខ្ជាប់ជាយូរមកហើយថា កីឡាគឺជាវិស័យមួយក្នុងចំណោមវិស័យតិចតួច ដែលត្រូវបានគ្រប់គ្រងដោយស្តង់ដារអន្តរជាតិពិតប្រាកដ និងអនុវត្តដូចៗគ្នាចំពោះគ្រប់ប្រជាជាតិទាំងអស់។

ដោយឆ្លុះបញ្ចាំងពីការប្រកួត World Cup ២០២៦ សម្តេចបានមានប្រសាសន៍ថា សម្តេចបានឃើញនូវការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងចលនានៃការប្រកួតបាល់ទាត់ ដោយមានក្រុមជាច្រើនមកពីបណ្តាប្រទេសដែលមានប្រជាជនតិច និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ បានបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើឆាកពិភពលោក។

សម្តេចតេជោបានលើកឡើងថា៖ «ការកើនឡើងនៃលទ្ធភាពចូលរួម និងសមត្ថភាពប្រកួតប្រជែងរបស់បណ្តាប្រទេសក្រីក្រ និងមានប្រជាជនតិច បានបង្ហាញឱ្យឃើញថា បាល់ទាត់មិនមានការរើសអើងរវាងប្រទេសមាន ឬក្រ ឬរវាងប្រទេសមានប្រជាជនច្រើន ឬតិចនោះទេ» ដោយសម្តេចបានពណ៌នាចំណុចនេះថាជា «ភូមិសាស្ត្របាល់ទាត់» ដ៏ប្លែកមួយ។

សម្តេចបានធ្វើការប្រៀបធៀបចំណុចនេះទៅនឹងតថភាពនយោបាយសកលលោក ដែលសម្តេចបានមានប្រសាសន៍ថា បច្ចុប្បន្នកំពុងមានភាពមិនប្រាកដប្រជា និងការបាក់បែកនៃសណ្តាប់ធ្នាប់អន្តរជាតិ។

សម្តេចតេជោ បានកត់សម្គាល់បន្ថែមថា ក្រុមមកពីប្រទេសកំពុងអភិវឌ្ឍន៍បានទម្លាក់ ឬបង្កើតការប្រកួតប្រជែងយ៉ាងស្វិតស្វាញដល់ក្រុមមកពីបណ្តាប្រទេសអ្នកមាន ចាប់តាំងពីវគ្គជម្រុះរហូតដល់វគ្គ ៣២ក្រុមចុងក្រោយ (Round of 32) ហើយទោះបីជាពួកគេមិនឈ្នះការប្រកួតក៏ដោយ ក៏ពួកគេតែងតែបង្កការព្រួយបារម្ភដល់គូប្រកួតដែលខ្លាំងជាង រាល់ពេលដែលពួកគេស៊ុតបាល់បញ្ចូលទីបានសម្រេច។

ផ្អែកលើការវិវត្តទាំងនេះ សម្តេចតេជោបានសម្តែងនូវជំនឿចិត្តថា ថ្ងៃណាមួយ ប្រទេសតូច និងកំពុងអភិវឌ្ឍន៍ នឹងអាចឈ្នះជើងឯកការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ជាមិនខាន។

សម្តេចបានមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថា តើមាននរណាម្នាក់នៅលើពិភពលោកធ្លាប់ប្រើពាក្យ 'ភូមិសាស្ត្របាល់ទាត់' (Geofootball) នេះពីមុនមកឬទេ ប៉ុន្តែសម្រាប់ខ្ញុំ ឱកាសកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South opportunity) កំពុងលេចរូបរាងឡើងយ៉ាងច្បាស់លាស់សម្រាប់គ្រប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់»។

 

Daily Program

Livesteam thumbnail