សមាគមឧកញ៉ាកម្ពុជា ច្រានចោលព័ត៌មានថាសណ្ឋាគារ លី យ៉ុងផាត់ មានការសង្ស័យថាមានការជួញដូរមនុស្ស
សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី នូវព័ត៌មានដែលលើកឡើងថាក្រុមឃ្លាំមើលស្នើឱ្យ រដ្ឋាភិបាលស៊ើបអង្កេតសណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យថាមានការជួញដូរមនុស្ស ...។
សេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៧ ខែឧសភា ដែលRVA Khmer បានទទួលនៅថ្ងៃនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ មានការផ្សាយតាមវិទ្យុអាស៊ីសេរី នូវព័ត៌មាន ក្រុមឃ្លាំមើលស្នើឱ្យ រដ្ឋាភិបាលស៊ើបអង្កេតសណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យថាមានការជួញដូរមនុស្ស ...។
ប្រភពដដែលបានបន្តថា ៖ «ការផ្សាយរបស់អ្នកស្រី ខាន់ លក្ខិណា នេះជាការមួលបង្កាច់ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ យ៉ាងធ្ងន់ធ្ងរដែលយើងខ្ញុំទាំងអស់គ្នាមិនអាចទទួលយកបាន ដោយហេតុថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវការគោរពច្បាប់, សុចរិតទៀងត្រង់, ប្រកបដោយគុណធម៌, ព្រហ្មវិហារធម៌»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ធ្វើសកម្មភាពពាណិជ្ជកម្ម ស្របច្បាប់, បរិច្ចាគទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលផ្សេងៗ, ចូលរួម ថវិកាជាមួយកាកបាទក្រហមកម្ពុជា និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀតដែលមិនអាចពណ៌នាបាន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅមូលដ្ឋានខេត្តឧត្តរមានជ័យបានបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២២ និងខែ មីនា ឆ្នាំ២០២៤ កន្លងទៅនេះសមត្ថកិច្ចពិតជាបានចុះបង្ក្រាបករណីសង្ស័យជួញដូរមនុស្សនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅលើទីតាំងផ្សេងពិតប្រាកដមែន ប៉ុន្តែមិនមែនលើទីតាំងអាជីវកម្មរបស់ក្រុមហ៊ុន L.Y.PGroup ទេ។ នេះបើតាមការបញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់សមាគមឧកញ៉ាកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា បានបន្តថា លើសពីនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ពុំមានភាគហ៊ុននៅក្នុងក្រុមហ៊ុន L.Y.P Group ផងដែរ។ នេះ សបញ្ជាក់ឱ្យឃើញថាវិទ្យុអាស៊ីសេរី ដែលជាសារព័ត៌មានគ្មានវិជ្ជាជីវៈ និងមិនមានច្បាប់អនុញ្ញាតពីក្រសួងព័ត៌មាន ជានិច្ចកាលតែងតែប្រឌិតព័ត៌មានគ្រប់រូបភាពមានរបៀបវារៈនយោបាយ ចេតនាទុច្ចរិត មួលបង្កាច់ខុសពីការពិត ដែលជាទម្លាប់ របស់អ្នកសារព័ត៌មានបម្រើការនៅវិទ្យុអាស៊ីសេរី ដែលធ្វើកិច្ចការពុំមានវិជ្ជាជីវៈ អសីលធម៌ តាមខ្សែញាក់របស់ជនបរទេសមួយក្ដាប់តូច។
សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ៖ «យើងខ្ញុំទាំងអស់គ្នាសូមស្នើឱ្យសាធារណជនទាំងអស់ឈប់ជឿ និងលែងស្ដាប់ការផ្សាយនានារបស់វិទ្យុអាស៊ីសេរី និងអំពាវនាវឱ្យអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីងាកមកគោរពវិជ្ជាជីវៈ មានសច្ចធម៌ ក្រមសីលធម៌ និងលែងបម្រើតាម ខ្សែញាក់របស់ជនបរទេសមួយក្ដាប់តូច ងាកមកគិតគូរពីផលប្រយោជន៍ប្រជាជនកម្ពុជា»។ សមាគមឧកញ៉ាកម្ពុជា ក៏បានតម្រូវឱ្យវិទ្យុអាស៊ីសេរី ធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនឱ្យត្រឹមត្រូវឡើងវិញជាបន្ទាន់ផងដែរ៕