សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ បន្តទាមទារឱ្យដោះលែង លោក កើត សារ៉ាយ
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ បានធ្វើសមាជប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ដោយបានបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិសមាគម និងកែប្រែនូវលក្ខន្តិកៈសមាគមមួយចំនួនផងដែរ និងបានប្តេជ្ញាសហការជាមួយនឹងអង្គការដៃគូនានា ដើម្បីទាមទារឱ្យមានការដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។
យោងតាមសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ឬហៅកាត់ថា KSILA បានឱ្យដឹងថា ក្នុងស្មារតីរបស់គណៈកម្មការប្រតិបត្តិលើកឡើងថា បើទោះបីអវត្តមានរបស់ប្រធានសមាគម លោក កើត សារ៉ាយ ក៏ដោយ ក៏គណៈកម្មការប្រតិបត្តិ នឹងបន្តសកម្មភាពសមាគក្នុងការស្វែងរកយុត្តិធម៌ជូនសិស្សនិស្សិត និងសង្គមដដែល។
ជាមួយគ្នានោះ សមាជកក៏ព្រមដាក់ឱ្យដំណើរការផ្ទះបញ្ញវន្ត និងបណ្ណាល័យផងដែរ។
សមាគមបានបញ្ជាក់ថា ៖ «យើងទាំងអស់គ្នាជា ក្រុមការងារ យុវជន សហគមន៍ និងជាប្រជាពលរដ្ឋខ្មែរ សូមអំពាវនាវឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទ លើលោក កើត សារ៉ាយប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ»។
ប្រភពដដែលបានបន្តថា ការដោះលែង និងការទម្លាក់ចោលបទចោទលើលោក កើត សារ៉ាយ ជាការគោរពសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងការអភិវឌ្ឍន៍ បរិយាបន្នសង្គម ព្រមទាំងយុត្តិធម៌សង្គម។
កញ្ញា រៀម ស្រីពេជ្ររតនា អនុប្រធានទី៤ នៃសមាគម KSILA បានប្រាប់RVA Khmer នៅថ្ងៃទី១៤ ខែឧសភា ថា ការធ្វើសមាជនេះមានគោលបំណងសំខាន់២គឺ ការរៀបចំការបោះឆ្នោតគណៈកម្មការប្រត្តិបត្តិថ្មីចំនួន៤រូប និងការផ្លាស់ប្តូរលក្ខន្តិកៈក្នុងជំពូក៤ ប្រការ២១របស់សមាគម។
កញ្ញាបន្តថា ៖ «ពួកយើងក៏សម្រេចបានគណៈកម្មការប្រតិបត្តិថ្មីគ្រប់សម្លេង ហើយនឹងការផ្លាស់ប្តូរលក្ខន្តិកៈក៏មានគ្រប់សម្លេងពីសមាជិករបស់សមាគមដែលបានមកចូលរួមជាង៤០នាក់ផងដែរ»។
បើតាមការបញ្ជាក់ពីកញ្ញា រៀម ស្រីពេជ្ររតនា ប្រធានរបស់សមាគមKSILA នៅរក្សាដដែល គឺលោកកើត សារ៉ាយ ប៉ុន្តែសមាគមទទួលបានអនុប្រធានចំនួន៤ គឺអនុប្រធានទី១ ទី២ ទី៣ និងទី៤ រួមនឹងប្រធានរដ្ឋបាលថ្មីផងដែរ។
កញ្ញាបញ្ជាក់ថា ៖ «សមាជមានការប្តេជ្ញាចិត្តពីសមាជិក ដោយនៅតែបន្តធ្វើកិច្ចការងារសង្គមបន្តទៅមុខទៀត ដោយសមាគមនៅតែកៀរគរយុវជន និងចូលរួមកិច្ចការសង្គមដដែល បើទោះបីជាប្រធានកំពុងជាប់ពន្ធនាគារ ប៉ុន្តែពួកយើងជាសមាជិកគឺនៅតែធ្វើ»។
ចំពោះផែនការវិញ សមាជិករបស់សមាគមបានលើកទឹកចិត្តឱ្យគណៈកម្មការប្រតិបត្តិផ្អាកសកម្មភាពរយៈពេលខ្លីត្រឹមតែ៦ខែដើម្បីរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាប្រព័ន្ធការងារយុទ្ធសាស្រ្តរបស់សមាគមសម្រាប់បន្តការងារទៅមុខទៀត។
អនុប្រធានទី៤របស់សមាគមនេះ សង្កត់ធ្ងន់ថា ៖ «សម្រាប់លោក កើត សារ៉ាយវិញ គឺសមាគមនេះនៅតែបន្តធ្វើការជាមួយនឹងអង្គការដៃគូមួយចំនួនដដែល ហើយយើងនៅតែមានក្តីសង្ឃឹមថាតុលាការនឹងព្រមទម្លាក់បទចោទ និងដោះលែងលោក កើត សារ៉ាយឱ្យមានសេរីភាពឡើងវិញ»។
សូមរម្លឹកដែរថា លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបាននគរបាលសង្កាត់ក្រាំងធ្នង់ និងស្នងការដ្ឋាននគរបាលជាតិ ឃាត់ និងនាំខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
សេចក្តីប្រកាសបានបន្តថា ការនាំខ្លួនលោក កើត សារ៉ាយនេះ ធ្វើឡើងដោយអាជ្ញាធរចម្រុះមានទាំងស្លៀកពាក់ឯកសណ្ឋាន និងស៊ី វិលប្រមាណជាង១០នាក់ ក្រៀកឡើងរថយន្តខណៈដែល លោក កើត សារ៉ាយ កំពុងបំពេញការងារនៅការិយាល័យ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ។
តំណាងអយ្យការបានសម្រេចចោទប្រកាន់លោក កើត សារ៉ាយពីបទ «មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្ដន្ទាទោសមជ្ឈឹម» និងបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»៕