សន្និសីទអំពីអ៊ុយក្រែនបើកនៅទីក្រុងជីដង់ប្រទេសប៉ូឡូញ ដោយអវត្តមានលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី
សន្និសីទប្រចាំឆ្នាំសម្រាប់ការស្ថាបនាអ៊ុយក្រែនឡើងវិញបើកធ្វើឡើងកាលពីថ្ងៃទី២៥ ខែ មិថុនា នៅទីក្រុងជីដង់ ប្រទេសប៉ូឡូញ ដោយអវត្តមានលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដោយសារហេតុផលនៃភាពតានតឹងជាមួយទីក្រុងវ៉ាសូវី ដោយលោកផ្តល់អាទិភាពក្នុងការស្តារដំណើរការថ្មីឡើងវិញនៃវិស័យថាមពលអ៊ុយក្រែនដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយប្រទេសរុស្ស៊ី។
ទីក្រុងគៀវ បានប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនា បន្ទាប់ពីជាច្រើនសប្តាហ៍នៃការដោះដូ និងកាយវិការដែលពោរពេញដោយការខឹង និងការរិះគន់ លើប្រធានបទនៃការចងចាំអំពីសង្រ្គាមលោកលើកទី២ ថា គណៈប្រតិភូអ៊ុយក្រែននឹងត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តី លូលីយ៉ា ស្វ៊ីរីដេនកូ ដែលមិនមែនជាលោកប្រធានាធិបតីហ្សេឡេនស្គីនោះទេ។
សន្និសីទនៅទីក្រុងជីដង់ នឹងត្រូវប្រមូលផ្តុំដោយមន្រ្តីនយោបាយ និងតួអង្គសេដ្ឋកិច្ចសំខាន់ៗ ដែលភាគច្រើនមកពីប្រទេសអឺរ៉ុប ដើម្បីពិភាក្សានៃការស្ថាបនាអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្រ្គាមជាមួយរុស្ស៊ី។
យោងតាមគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា នៅក្នុងចំណោមអ្នកចូលរួមនៅក្នុងសន្និសីទនេះ មាន លោកស្រី អៀស៊ូឡា វន ដឺ ឡេយេន ប្រធាននៃគណៈកម្មការអឺរ៉ុប ព្រមទាំងសមាជិកជាច្រើនទៀតនៃគណៈកម្មការនេះ។ លោកស្រីត្រូវថ្លែងការណ៍នៅក្នុងចំណោមមេដឹកនាំ ប្រទេសប៉ូឡូញ ប៊ុយហ្គារី អេស្តូនី ហ្វាំងឡង់ ឡេតូនី លីទុយអានី រ៉ូមម៉ានី និងស៊ុយអែត។
នៅទីក្រុងជីដង់ ការផ្តោតការយកចិត្តទុកដាក់ត្រូវបានធ្វើឡើងសម្រាប់វិស័យដែលរងផលប៉ះពាល់បំផុតដោយសង្រ្គាម មានដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការដឹកជញ្ជូន។ ការពិភាក្សានានាក៏បានលើកឡើងអំពីសមត្ថភាពធានាសន្តិសុខរបស់អ៊ុយក្រែនផងដែរ។
កាលពីខែកុម្ភៈ របាយការណ៍រួមគ្នារបស់ទីក្រុងគៀវ ធនាគារពិភពលោក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានវាយតម្លៃថា ការស្ថាបនាឡើងវិញក្រោយសង្រ្គាមនៅអ៊ុយក្រែន នឹងចំណាយប្រមាណ ៥៨៨ពាន់លានដុល្លារ។
ការបញ្ចុះបញ្ចូលអ្នកវិនិយោគគឺជាការលំបាកមួយសម្រាប់អ៊ុយក្រែន នៅខណៈដែលកិច្ចចរចាដែលលើកកម្ពស់ដោយទីក្រុងវ៉ាស៊ីនតុនដើម្បីបញ្ចប់សង្រ្គាមមិនមានដំណើរការទៅមុខ។
លោកស្រីលូលីយ៉ា ស្វ៊ីរីដេនកូ បានអះអាងថា ៖ “យើងគ្រោងនឹងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងដ៏មានសារសំខាន់មួយចំនួនជាមួយនឹងដៃគូអន្តរជាតិ ជាពិសេសគឺដើម្បីពង្រឹងវិស័យថាមពលរបស់យើង”។ នៅខណៈនេះ អ៊ុយក្រែនកំពុងបម្រុងថវិកាភាគច្រើនរបស់ខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងខាងសង្រ្គាម និងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឲ្យមានស្ថិរភាព។
កាលពីខែធ្នូ ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុម័តនូវកម្ចី ១០២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន នៅអំឡុងរយៈពេលពីឆ្នាំ២០២៥ ដល់ ២០២៧។
ប៉ុន្តែបើតាមលោក ហ្គ្លីប វីជ្លីនស្គី នាយកនៃមជ្ឈមណ្ឌលយុទ្ធសាស្រ្តសេដ្ឋកិច្ចនៅទីក្រុងគៀវ បានឲ្យដឹងថា “វានឹងមិនអាចទៅរួចសម្រាប់អ៊ុយក្រែនក្នុងការការពារប្រទេសដោយមិនធ្វើការស្ថាបនាឡើងវិញស្របពេលគ្នាទេនោះ។ យើងត្រូវតែផ្តល់នូវសេវាកម្មសំខាន់ៗ និងលំនៅដ្ឋានសម្រាប់ប្រជាជននៅអ៊ុយក្រែនដែលបានបង់ពន្ធ និងគាំទ្រដល់ទាហាន។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ការបំផ្លិចបំផ្លាញនៅក្នុងវិស័យថាមពល នឹងធ្វើឲ្យវិស័យនេះក្លាយជាអាទិភាពបើនិយាយអំពីការវិនិយោគ។
កាលពីមុន សន្និសីទនានាអំពីការស្តារអ៊ុយក្រែនឡើងវិញ បានធ្វើឡើងនៅទីក្រុងលូហ្គាណូ ឡុងដ្រ៍ ប៊ែរឡាំង និងរ៉ូម ប៉ុន្តែនេះគឺជាលើកទី១ហើយ ចាប់តាំងពីឆ្នាំ២០២២ ដែលលោកវ៉ូឡូឌីមៀ ហ្សេឡេនស្កី មិនបានបង្ហាញវត្តមាននៅសន្និសីទ។