សន្តអាសនៈបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងការគាំទ្របញ្ឈប់ពលកម្មកុមារ

នៅក្នុងសុន្ទរកថាក្នុងអំឡុងពេលចូលរួមកិច្ចសន្ទនាអន្តរកម្មដែលមានចំណងជើងថា " កុមារដោយសេចក្តីថ្លៃថ្នូរ" កាលពីពេលថ្មីៗនេះអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិ លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា (Gabriele Caccia) បានបន្ទរនូវសេចក្តីអត្ថាធិប្បាយរបស់ សម្តេចប៉ាបឡេអូទី១៤ ដើម្បីបញ្ជាក់ឡើងវិញនូវសិទ្ធិរបស់កុមារគ្រប់រូបក្នុងការទទួលបាននូវការរីកចម្រើនតាមរយៈការអប់រំ និងឱកាស "ដើម្បីរួមចំណែកយ៉ាងពេញលេញដល់សង្គម"។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសុន្ទរកថានោះ លោកអគ្គអភិបាលបានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់សន្តអាសនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ។
លោកអគ្គអភិបាលបានលើកឡើងថា ការលុបបំបាត់ពលកម្មកុមារគឺត្រូវតែយកចិត្តទុកដាក់ឲ្យបានគ្រប់ទម្រង់ រួមទាំងការជ្រើសរើសដោយបង្ខំ និងការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ"។
លោកអគ្គអភិបាលក៏បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ កុមារម្នាក់ក្នុងចំណោមកុមារ១០នាក់នៅតែជាប់ក្នុងស្ថានភាពកេងប្រវ័ញ្ច ដូច្នេះ វាមានតម្រូវការបន្ទាន់ដើម្បីពិភាក្សាអំពីបញ្ហានេះ។
លោកអគ្គអភិបាលក៏បានអំពាវនាវឱ្យមានការដោះលែងកុមាររងគ្រោះដោយគ្មានលក្ខខណ្ឌ ដោយសារតែពួកគេ គឺជាអំណោយដ៏ពិសេសមួយរបស់ព្រះជាម្ចាស់ដល់គ្រួសាររបស់មនុស្សជាតិ ហើយពួកគេត្រូវតែធំធាត់ឡើងនៅក្នុងបរិយាកាសដែលមានការគោរពសេចក្តីថ្លៃថ្នូរ ការពារសិទ្ធិជាមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍន៍ដ៏សំខាន់របស់កុមារ៕
Daily Program
