សង្រ្គាមអ៊ីស្រាអែល ហាម៉ាស អគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែលនិយាយថា កង កម្លាំងរបស់លោកត្រៀមខ្លួនយ៉ាងល្អក្នុងការវាយប្រហារជើងគោក
នៅក្នុងសាវិដឺអូមួយដែលផុសក្នុងបណ្តាញសង្គម កាលពីល្ងាចថ្ងៃចន្ទ លោកហឺហ្ស៊ី ហាឡឺវី អគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែល បញ្ជាក់ថា បានត្រៀមខ្លួនសម្រាប់ការលុកលុយផ្លូវគោកលើតំបន់ហ្គាហ្សា។ លោកបញ្ជាក់ថា ៖ “បញ្ជាការភាគខាងត្បូងដាក់ចេញនូវផែនការប្រតិបត្តិការប្រកបដោយគុណភាព។ វាមានការពិចារណាខាងតាក់ទិច ប្រតិបត្តិ និងយុទ្ធសាស្រ្ត ដែលត្រូវការពេលវេលាកាន់តែច្រើន។ ហើយកងទ័ពដែលមានពេលវេលាកាន់តែច្រើន គឺកាន់តែប្រសើរត្រៀមខ្លួន”។ លោកក៏រំឭកថា គោលដៅនៃអន្តរគមយោធាអ៊ីស្រាអែលគឺដើម្បីនាំហាម៉ាសឲ្យធ្លាក់ចូលក្នុងសភាពត្រូវបានកំទេចទាំងស្រុង ទាំងមេដឹកនាំរបស់ពួកគេ សាខាយោធា និងយន្តការនៃការងាររបស់ពួកគេ ដោយអះអាងថា នឹងវាយប្រហារ និងកំទេច មេបញ្ជាការ ទាហានជាន់ខ្ពសនៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេតាមរបៀបនៃការវាយប្រហារមិនឈប់មិនឈ។
ចំណែករដ្ឋមន្រ្តីចិននៃកិច្ចការបរទេសបាននិយាយកាលពីថ្ងៃចន្ទទៅកាន់សមភាគីអ៊ីស្រាអែលរបស់លោកថា គ្រប់ប្រទេសទាំងអស់មានសិទ្ធការពារខ្លួន នៅអំឡុងជំនួបលើកទី១ រវាងប្រមុខការទូតនៃប្រទេសទាំងពីរចាប់តាំងពីការផ្ទុះឡើងនូវជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស នៅថ្ងៃទី៧ ខែតុលា។ លោកវ៉ាងយី រដ្ឋមន្រ្តីការបរទេសចិន បានប្រកាសទៅលោក អេលី កូហេន រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលថា ៖ “គ្រប់ប្រទេសទាំងអស់មានសិទ្ធការពារខ្លួន។
លោកវ៉ូលឃើ ទៀក បេសកជនជាន់ខ្ពស់នៃអង្គការសហប្រជាជាតិសម្រាប់សិទ្ធមនុស្ស បានអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌ជាបន្ទាន់។. នៅក្នុងសេចក្តីប្រកាសមួយ លោកវ៉ូលឃើ ទៀក បានបញ្ជាក់ថា ៖ “ដំណាក់កាលទី១ ត្រូវតែជាបទឈប់បាញ់ដើម្បីមនុស្សធម៌ជាបន្ទាន់ និងសង្រ្គោះជីវិតប្រជាជនស៊ីវិលដោយការនាំយកជំនួយមនុស្សធម៌ឲ្យបានរហ័ស និងប្រសិទ្ធភាពទៅកាន់ដែនដីហ្គាហ្សា។ លោកទទូចថា មនុស្សជាតិត្រូវតែមានសារៈសំខាន់ជាងអ្វីទាំងអស់ និងបញ្ជាក់ថា ប្រជាជនស៊ីវិលច្រើនពេក ដែលរួមមានទាំងកុមារជាច្រើន បានបាត់បង់ជីវិត សម្រាប់ភាគីទាំងពីរ។ លោកទៀក បានព្រមានថា ៖ “ប្រសិនបើជំនួយតទៅមុខសម្រាប់ប្រជាជននៅហ្គាហ្សា រួមទាំង ឥន្ធនៈ ថ្នាំសង្កូវ ចំណីអាហារ និងទឹក មិនមានក្នុងប៉ុន្មានថ្ងៃទៀតទេ ឬប៉ុន្មានម៉ោងខាងមុខ មនុស្សកាន់តែច្រើននៅហ្គាហ្សានឹងស្លាប់ដោយឃ្លាន ស្រេកទឹក និងការខ្វះការព្យាបាលវេជ្ជសាស្រ្ត។
បេសកជនជាន់ខ្ពស់នេះ អំពាវនាវឲ្យភាគីនានាបង្កើនទ្វេនូវកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការគោរពនៃសិទ្ធអន្តរជាតិ និងរំឭកថា សង្រ្គាមក៏ត្រូវមានច្បាប់ដើម្បីជាអាទិ៍ការពារជនស៊ីវិល និងអ្នកដែលរំលោភច្បាប់គួរតែត្រូវឆ្លើយតបនឹងទង្វើរបស់ពួកគេ។ លោកទៀក បានប្រាប់ឲ្យដឹងថា ជនស៊ីវិលទាំងអស់ដែលត្រូវចាប់ និងឃុំឃាំងដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ត្រូវតែត្រូវដោះលែងឲ្យមានសេរីភាពភ្លាម និងគ្មានលក្ខខណ្ឌ។ ការចាប់ចំណាប់ខ្មាំង និងការឃុំឃាំងពួកគេត្រូវបានហាមឃាត់ដោយសិទ្ធអន្តរជាតិ”។ ម្យ៉ាងវិញទៀត លោកបានគូសបញ្ជាក់ថា វិធានការដែលអ៊ីស្រាអែលប្រកាន់យក ដើម្បីរារាំងជនស៊ីវិលមិនឲ្យចូលទៅយកទ្រព្យសម្បត្តិ និងអ្វីៗ ចាំបាច់របស់ពួកគេ បង្កបានជាទម្រង់នៃការដាក់ទណ្ឌកម្មសមូលហភាព ហើយដូច្នេះ វាក៏ផ្ទុយនឹងសិទ្ធអន្តរជាតិដែរ។ លោកទៀក បានសុំថា ៖ “ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ត្រូវឈប់បាញ់រ៉ូកែតដោយខ្វាក់ និងកងកម្លាំងការពារអ៊ីស្រាអែលត្រូវបញ្ចៀសការប្រើប្រាស់អាវុធផ្ទុះក្នុងកម្រិតធ្ងន់ទៅក្នុងតំបន់ដែលមានប្រជាជនប្រមូលផ្តុំរស់នៅច្រើន”។