សង្រ្គាមនៅអ៊ុយក្រែន លោកឧត្តមសេនីយ៍ហ្សាលូនី អគ្គមេបញ្ជាការកងទ័ព ត្រូវ បាន​ដកតំណែង?

បើតាមការរាយការណ៍ជាច្រើនរបស់សារព័ត៌មានអ៊ុយក្រែន និងព័ត៌មានជាភាសាអង់គ្លេស បាន​​ឲ្យដឹងថា អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកវ៉ាឡឺរី ហ្ស៉ាលូនី ត្រូវបានដកតំណែង​ដោយ​​លោកប្រធានាធិបី លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។

អគ្គមេបញ្ជាការយោធាដ៏មានប្រជាប្រិយភាពរបស់អ៊ុយក្រែន លោកឧត្តមសេនីយ៍ វ៉ាឡឺរី ហ្សាលូនី នៅតែស្ថិតនៅជាប្រមុខយោធារបស់អ៊ុយក្រែនរហូតដ​ល់ប៉ុន្មានម៉ោងចុងក្រោយ ​ឬ​យ៉ាង​ណា?

តាំងពីល្ងាចថ្ងៃចន្ទ ការផ្សព្វផ្សាយនៅតាមព័ត៌មានជាច្រើននៅលើបណ្តាញសង្គម បន្ទាប់មក​នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសម្រេចចិត្តដកតំណែងអគ្គមេបញ្ជាការកងទ័ព នៅខណៈដែលភាពតាន​តឹង​រវាង​​ឥស្សរជន​ទាំងពីរកើតមានឡើងជាច្រើនខែមកហើយ។

អ្នកខ្លះបញ្ជាក់ថា លោកឧត្តមសេនីយ៍ វ៉ាឡឺរី ហ្សាលូនី ដែលបានតែងតាំងសម្រាប់​តំណែង​នេះ​តាំង​ពីឆ្នាំ២០២១ ប៉ុន្មានខែមុននឹងការចាប់ផ្តើម​នៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន នឹង​ត្រូវជំនួសដោយ​ប្រមុខ​នៃសេវាកម្មចារកម្ម​យោធា លោកគីរីឡូ ប៊ូដានូវ ឬមេបញ្ជាការ​នៃ​កង​កម្លាំង​ដែនដី លោកអូឡេកសានដ្រ៍ សៀស្គី។  បន្ទាប់ពី ២ម៉ោង នៃភាពស្ងប់ស្ងាត់ កាល​ពី​ថ្ងៃ​ចន្ទ ទីស្តីការប្រធានាធិបតីបានបញ្ចប់​ដោយ​ការបដិសេធនិយាយថា​ជាការបណ្តេញ​ចេញ​នូវ​មេ​បញ្ជាការកំពូល។ បើយោងតាម​ការស្ទង់មតិ​ដែលធ្វើឡើងកាលពីខែធ្នូ ឆ្នាំទៅ បាន​ឲ្យ​ដឹងថា ការបណ្តេញចេញនឹងត្រូវយល់ឃើញថា អវិជ្ជមានដោយប្រជាជនអ៊ុយក្រែន​រហូត​ដល់ ៧២%។  បន្ទាប់មក ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនជាច្រើន បានបញ្ជាក់ថា ប្រមុខរដ្ឋ បាន​ជួប​លោកវ៉ាឡឺរី ហ្សាលូនី កាលពីថ្ងៃចន្ទ និងប្រាប់លោកពីការសម្រេចចិត្ដដក​តំណែង​លោក ដោយស្នើឲ្យ​លោកវ៉ាឡឺរី ហ្សាលូនី នូវតួនាទីជាឯកអគ្គរដ្ឋទូត ឬទីប្រឹក្សា នៅខណៈ​ដែល​យោធា​ចុះអន់ថយ។

យោងតាមសារព័ត៌មានជាភាសាអង់គ្លេសជាច្រើនដែលរួមមាន វ៉ាស៊ីនតុន ប៉ុស្ត និង ឌី អេកូណូមីស្ត៍ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសម្រេចចិត្តច្បាស់លាស់ដក​តំណែងអគ្គ​មេ​បញ្ជាការ​កងទ័ព។ យោងតាមប្រភព​ពីមន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានឲ្យ​ដឹង​ថា  លោកគិតថា វាជារឿងពិត គេរង់ចាំក្រឹត្យរបស់ប្រធានាធិបតី​ក្នុងន័យនេះ។

យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់របស់អ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី និងមន្រ្តីនៅ​ជុំវិញ​លោកជាច្រើនខែមកហើយ បានបន្ទោសលោកហ្សាលូនី និងការដឹកនាំ ដែល​មិនបាន​បោះ​ជំហានទៅមុខនៅលើសមរភូមិ។ ប្រព័ន្ធផ្សព្វផ្សាយខ្លះក៏បានបញ្ជាក់ថា ប្រធានាធិបតី​ច្រណែន​នឹងប្រជាប្រិយភាពរបស់លោកឧត្តមសេនីយ៍។

លោកវ៉ូឡូឌីមៀ ហ្វេសនេកូ អ្នកវិភាគនយោបាយអ៊ុយក្រែន នៅលើហ្វេសប៊ុក បានអធិប្បាយ​ថា ៖ “ការលាលែងតំណែងរបស់លោកហ្សាលូនី គឺជាគ្រាន់តែជាបញ្ហានៃពេលវេលា និង​កាលៈ​ទេសៈប៉ុណ្ណោះ”។ យោងតាម​សេវាកម្មអ៊ុយក្រែននៅ ប៊ីប៊ីស៊ី ប្រធានាធិបតីអ៊ុយក្រែន អាចជំរុញការលាលែងតំណែង​របស់លោកវ៉ាឡឺនី ហ្សាលូនី ដោយសារហេតុផលនៃការ​ប្រឆាំង​​របស់សម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគៀវ។

បរិយាកាសនៃភាពតានតឹងនៅកំពូលអំណាចរបស់រដ្ឋអ៊ុយក្រែនមិនគេចចេញពីភ្នែកវិមានក្រឹមឡាំង​ឡើយ។ លោកឌីមីទ្រី ប៉េស្កូវ បានប្រកាសប្រាប់អ្នកកាសែតថា នេះបង្ហាញ​អំពី​ការ​ប្រឆាំង​ដែលចេះតែកើនឡើងនៅក្នុងអំណាចអ៊ុយក្រែន។ រឿងមួយដែលច្បាស់ គឺរបប​ទីក្រុង​គៀវ មានបញ្ហាជាច្រើន។ រឿងរ៉ាវមិនដំណើរការល្អទេនៅអ៊ុយក្រែន។  

 

Daily Program

Livesteam thumbnail