សកម្មជនចលនាមាតាធម្មជាតិ នឹងឡើងសវនាការជាលើកដំបូងក្នុងសំណុំរឿងរួមគំនិតក្បត់ និងប្រមាទព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ
លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញលោក សំ ចំរើន ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទចំនួន៨រូបដែលជាក្រុមយុវជនមាតាធម្មជាតិឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសិទ្ធិឲ្យកូនក្ដីនៅពេលសវនាការ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយលោក សេង ហៀង ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមេសា ដែលRVA Khmerទទួលបាននាថ្ងៃទី២១ ខែឧសភា នេះ។
តាមរយៈលិខិតនេះដែរ លោកសំ ចំរើន ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទចំនួន៨រូបរួមមាន៖ ស៊ិន រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ, ឡុង គន្ធា ភេទស្រី អាយុ២៣ ឆ្នាំ, យីម លាងហ៊ី ភេទប្រុស អាយុ ៣២ ឆ្នាំ, ថុន រដ្ឋា ភេទប្រុស អាយុ៦៩ ឆ្នាំ, ភួន កែវរស្មី ភេទស្រី អាយុ២០ឆ្នាំ, លី ចាន់ដារាំរុត ភេទប្រុស អាយុ ២១ ឆ្នាំ, ពក អើយ ភេទប្រុស អាយុ២៥ ឆ្នាំ និង អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស អេវិតសិន ភេទប្រុស អាយុ៤១ ឆ្នាំ។
ប្រភពដដែលបានបញ្ជាក់ថា ៖ «សវនាការនេះ ទាក់ទងនឹងដំណើររឿងពីការប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន»។
ទាក់ទងនឹងករណីនេះដែរ កញ្ញា ភួន កែវរស្មី បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភាថា សកម្មជនចលនាមាតាធម្មជាតិនឹងឡើងសវនាការជាលើកដំបូងក្នុងសំណុំរឿងរួមគំនិតក្បត់ និងប្រមាទព្រះមហាក្សត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង៨កន្លះព្រឹក។
កញ្ញាបន្តថា ៖ «សិទ្ធិសេរីភាពពួកយើងហាក់ដូចជាស្រពិចស្រពិល មិនដឹងថាអាចនៅក្រៅធ្វើការ និងជួបជុំគ្រួសារ បងប្អូនបានយូរប៉ុណ្ណា»។