វិទ្យាស្ថានសន្តប៉ូល រៀបចំសិក្ខាសាលាស្រាវជ្រាវដល់សិស្ស និស្សិត និងអង្គការដៃគូ
សិក្ខាសាលាស្រាវជ្រាវស្តីពី «ការយកចិត្តទុកដាក់លើកម្មវិធីស្រាវជ្រាវក្នុងការបង្រៀន និងការរៀន» ដោយផ្តោតលើសង្គមកិច្ចនិងបរិយាបន្នសង្គម ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែកុម្ភៈ ដែលរៀបចំដោយវិទ្យាស្ថានសន្តប៉ូល សហការជាមួយអង្គការការីតាសកម្ពុជា គម្រោងBMZ និងការីតាសអាល្លឺម៉ង់ ធ្វើឡើងនៅវិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
កម្មវិធីនេះដែរ មានការចូលរួមពីសមាជិកនៃសម្ព័ន្ធកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ (CACD) និងមាននិស្សិតកំពុងសិក្សាផ្នែកសង្គមកិច្ច មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិសង្គមកិច្ច និងវិទ្យាស្ថានសន្តប៉ូល ដែលសរុបមានចំនួនប្រមាណ៩០នាក់។
«គោលបំណងសំខាន់បំផុតរបស់សិក្ខាសាលានេះគឺចង់ឱ្យនិស្សិត និងអ្នកចូលរួមទាំងអស់មានគម្រោងតូចៗទៅតាមស្ថាប័ន គ្រឹះស្ថានរបស់ពួកគាត់ដោយចេះបង្កើតគម្រោងតូចៗក្នុងការស្រាវជ្រាវ ដោយនៅពេលបញ្ចប់សិក្ខាសាលានេះ សិស្សនិស្សិត និងអ្នកចូលរួមបង្កើតនូវគម្រោងតូចផ្អែកលើការស្រាវជ្រាវ។ នេះជាគោលបំណងធំដែលយើងត្រូវតែធ្វើឱ្យបាន»។
លោកបានបន្ថែមទៀតថា គោលបំណងមួយទៀត គឺចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យដៃគូទាំងប៉ុន្មាន ដោយផ្តោតសំខាន់លើនិស្សិតផ្នែកសង្គមកិច្ច ក្នុងការអភិវឌ្ឍសង្គមជាតិ។
លោក ផុន សុផល បានលើកឡើងដោយជឿជាក់ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានេះពិតជាអាចផ្តល់នូវគុណតម្លៃសម្រាប់និស្សិត និងអ្នកចូលរួមឱ្យយល់ច្បាស់បន្ថែមទៀត ទៅលើសារៈសំខាន់នៃការស្រាវជ្រាវ ព្រោះមាតិកាដែលយើងបានរៀបចំ សុទ្ធតែមានការចូលរួមពីសាស្ត្រាចារ្យដែលមានបទពិសោធជាង ២៥ឆ្នាំហើយផ្នែកសង្គមកិច្ច និងបរិយាបន្នសង្គម»។
លោកគឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានបង្ហាញពីមោទនភាព ដោយបានឃើញលោកគ្រូអ្នកគ្រូនិងនិស្សិតច្រើនចាប់អារម្មណ៍ការសិក្សាស្រាវជ្រាវលើផ្នែកសង្គមកិច្ច ដែលជាតម្រូវការចាំបាច់ក្នុងកិច្ចការសង្គម ហើយជាងនេះទៅទៀត និស្សិតនិងលោកគ្រូអ្នកគ្រូ ជាអនាគតនៃកម្លាំងសេវាសង្គមប្រកបដោយវិជ្ជាជីវៈនិងគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសកម្ពុជា។
វណ្ណៈ បានថ្លែងថា ៖ «សិក្ខាសាលានេះបានជួយច្រើនក្នុងការផ្តល់នូវចំណេះថ្មីៗសម្រាប់និស្សិត ក៏ដូចជាអ្នកដែលបម្រើការងារនៅក្នុងអង្គការ ក្រសួង ឬក្នុងជួររាជរដ្ឋាភិបាលសម្រាប់អនុវត្តក្នុងការងារ ដូចជាអ្នកធ្វើការជាមួយជនពិការ ពួកគាត់អាចចេះពីវិធីសាស្រ្តក្នុងការសិក្សាស្រាវជ្រាវលើបរិមាណវិស័យ ឬគុណវិស័យដើម្បីជាជំនួយឱ្យគាត់អាចធ្វើការសិក្សាលើបញ្ហាទាក់ទងនឹងការងាររបស់ពួកគាត់បានងាយស្រួល»។
សម្រាប់យុវជនវណ្ណៈផ្ទាល់ លោកនឹងយកចំណេះដឹងដែលបានសិក្សាក្នុងសិក្ខាសាលានេះប្រើប្រាស់ក្នុងការស្រាវជ្រាវដែលលោកនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំទី៣ និងទី៤ ដើម្បីសរសេរសារណាបញ្ចប់ការសិក្សារបស់លោក និងកម្មវិធីផ្សេងៗដែលបម្រើដល់ការសិក្សារបស់លោកផងដែរ។
ព្រំ សុភក្ត្រា បានថ្លែងថា ៖ «វគ្គសិក្សាពីមួយជំហានទៅមួយជំហានតែងតែរួមបញ្ចូលនូវការលេងល្បែង (game) ការអនុវត្តជាក់ស្តែង ក៏ដូចជាមានសំណួរចម្លើយយ៉ាងសកម្មពីនិស្សិតមកពីតាមបណ្តាសាលាផ្សេងៗ ហើយអ្វីដែលសំខាន់មួយទៀតគឺសាស្ត្រាចារ្យដែលមកធ្វើការបណ្តុះបណ្តាលនេះគឺជាសាស្រ្តាចារ្យល្បីៗមកពីប្រទេសអាល្លឺម៉ង់ផងដែរ»។
កញ្ញាបានបន្តទៀតថា វគ្គសិក្សាផ្សេងៗក្នុងសិក្ខាសាលានេះពិតជាជួយច្រើនសម្រាប់ការសិក្សារបស់គាត់នៅឆ្នាំទី៤ដែលសាលារបស់គាត់តម្រូវឱ្យធ្វើនិក្ខេបទសម្រាប់ប្រឡងបញ្ចប់ការសិក្សា។
នៅពេលបញ្ចប់ការសិក្សា រស្មីចង់ចូលរួមអភិវឌ្ឍសហគមន៍របស់នាង ហើយនៅពេលនោះនាងនឹងប្រើប្រាស់វិធីសាស្ត្រ ក៏ដូចជាចំណេះដែលនាងទទួលបានក្នុងសិក្ខាសាលានេះ ស្រាវជ្រាវដើម្បីជាគន្លឹះធ្វើយ៉ាងណាឱ្យសហគមន៍មានការរីកចម្រើន។
សិក្ខាសាលាស្រាវជ្រាវស្តីពី «ការយកចិត្តទុកដាក់លើកម្មវិធីស្រាវជ្រាវក្នុងការបង្រៀន និងការរៀន» ដោយផ្តោតលើសង្គមកិច្ចនិងបរិយាបន្នសង្គម ដែលធ្វើឡើងរយៈពេល៥ថ្ងៃនេះ ណែនាំដោយផ្ទាល់ពីសាស្រ្តាចារ្យបណ្ឌិតហ្សង់ ក្លោសិន (Jens Clausen) និងសាស្រ្តាចារ្យបណ្ឌិតអេដហ្គា កូស្លឺរ (Edgar Kösler) មកពីសកលវិទ្យាល័យកាតូលិក Applied Sciences Freiburg ប្រទេសអាល្លឺម៉ង់ ព្រមទាំងមានវាគ្មិនមកពីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា មណ្ឌលសុខភាពផ្លូវចិត្តកុមារនៃអង្គការការីតាសកម្ពុជា និងអង្គការកិច្ចសហប្រតិបត្តិការឡូវ៉ាន់ជាដើម។
អង្គសិក្ខាសាលានេះ មានប្រធានបទតូចៗដូចជា ការស្រាវជ្រាវដោយផ្អែកលើការបង្រៀននិងការរៀន វិធីសាស្ត្រស្រាវជ្រាវតាមបែបបរិមាណវិស័យនៃការស្រាវជ្រាវសង្គម វិធីសាស្ត្រស្រាវជ្រាវតាមបែបគុណវិស័យនៃការស្រាវជ្រាវសង្គម ការគ្រប់គ្រងគម្រោងក្នុងការស្រាវជ្រាវ និងការស្រាវជ្រាវផ្អែកលើការបង្រៀននិងការសិក្សាលទ្ធផលនិងគម្រោង។
វិទ្យាស្ថានសន្តប៉ូលជាគ្រឹះស្ថានឧត្តមសិក្សារបស់ព្រះសហគមន៍កាតូលិកដែលកំពុងបណ្តុះបណ្តាលលើ៥ជំនាញ ដែលមានព័ត៌មានវិទ្យា ទេសចរណ៍ កសិកម្ម អក្សរសាស្រ្តអង់គ្លេស និងសង្គមកិច្ច។ នេះជាសិក្ខាសាលាលើកទី៣ហើយដែលវិទ្យាស្ថានសន្តប៉ូល បានរៀបចំឡើង ដោយលើកទី១ធ្វើនៅឆ្នាំ២០១៩ ឯលើកទី២ ធ្វើនៅឆ្នាំ ២០២១ តាមប្រព័ន្ធZoom ហើយលើកទី៣ ធ្វើនៅដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ៕
អត្ថបទដោយ៖ អមរិន្ទ ដានុត