លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
លោក ស៊ុន ចន្ទី អាយុ ៤៤ឆ្នាំ ដែលជាប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
អ្នកនាំពាក្យនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ករណីឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ទី សមត្ថកិច្ចអនុវត្តដោយទទួលបានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ពាក់ព័ន្ធសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោកបានបញ្ជាក់ថា ៖ «នៅវេលាម៉ោង ០៩:០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ចន្ទី ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្រព្រឹត្តតាមរយៈបង្ហោះផ្សព្វផ្សាយ ព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លឺព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ មានភាពវឹកវរក្នុងសង្គម»។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ទាក់ទងនឹងករណីនេះដែរ លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែឧសភា នេះថា ការលើកឡើងរបស់អ្នកវិភាគ ឬគណបក្សនយោបាយណាមួយថាការចាប់ខ្លួនរបស់សកម្មជននយោបាយថ្នាក់ដឹកគណបក្សនយោបាយ សុទ្ធតែជារឿងនយោបាយនោះ គឺវាមិនមានលក្ខណៈវិទ្យាសាស្រ្តទេ។
លោកបានបន្តថា តែនេះជាទំលាប់របស់ពួកគាត់ហើយដែលតែងតែភ្ជាប់ករណីព្រហ្មទណ្ឌទៅជារឿងនយោបាយដើម្បីសម្រាលនូវស្ថានការណ៍ ហើយដាក់បន្ទុកស្ថានការណ៍មកលើកម្ពុជា ជាដើម។
លោក ទូច សុខៈ បានបញ្ជាក់ថា ៖ «យើងត្រូវបែងចែកឱ្យដាច់រវាងនយោបាយ និងបទល្មើសព្រហ្មទណ្ឌ បើសកម្មភាព បើអំពើរបស់អ្នកនរណាម្នាក់ចូលបទល្មើសព្រហ្មទណ្ឌគឺគេត្រូវអនុវត្តទៅតាមនីតិវិធី ហើយនឹងច្បាប់ព្រហ្មទណ្ឌហើយ»៕