លោក ជា មុនី ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានការគំរាមកំហែង តែគ.ជ.បថា ដំណើរការរលូន ស្ងប់ស្ងាត់ សន្ដិសុខ សុវត្ថិភាព
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
លោក ជា មុនី អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ បានប្រាប់RVA Khmer ឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ថា លោកសង្កេតឃើញថាការបោះឆ្នោតសម្រាប់អ្នកប្រជាធិបតេយ្យមានលក្ខណៈចង្អៀត ដោយសារមានការគំរាមកំហែង និងគ្មានសេរីក្នុងការបោះឆ្នោត។
លោកថា ៖ «មានការគំរាមកំហែងដោយសារតែមេដឹកនាំគណបក្សមួយចំនួនបានបញ្ជាឱ្យសមាជិកដែលជាក្រុមប្រឹក្សារបស់ខ្លួនគូសទៅតាមអ្វីដែលខ្លួនចង់បាន។ ទាំងនេះមានន័យថាគាត់បំបិទសិទ្ធិសេរីភាពរបស់គេ ព្រោះក្នុងច្បាប់អ្នកដែលទៅបោះឆ្នោតគឺមានកាតព្វកិច្ចទៅបោះឆ្នោតហើយ ហើយមានសិទ្ធិបោះឆ្នោតឱ្យគណបក្សណាជាសិទ្ធិរបស់គាត់ ប៉ុន្តែបែរជាត្រូវបានរារាំង ឬគំរាមកំហែងឱ្យត្រូវគូសសញ្ញាដូចនេះដូចនោះជាដើម»។
លោក ជា មុនី បានបញ្ជាក់ទៀតថា ការបោះឆ្នោតនេះមិនមានសេរី ហើយគណបក្សមួយចំនួនទៀតដើរទៅបំភិតបំភ័យថាបើមិនបោះឆ្នោតឱ្យគណបក្សនេះឬនោះទេ គឺត្រូវដកតួនាទី ឬទោសពៃទាំងឡាយនឹងត្រូវបានយកមកប្រើប្រាស់តាផ្លូវតុលាការ។
លោកបានសង្កត់ធ្ងន់ថា ៖ «សម្រាប់គណបក្សកម្លាំងជាតិឃើញថាការប្រើប្រាស់សិទ្ធិសេរីភាពរបស់អង្គបោះឆ្នោតនៅមានកម្រិតមែនទែន»។
ផ្ទុយនឹងការលើកឡើងរបស់លោក ជា មុនី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថាការរៀបចំការងារបោះឆ្នោតនៅថ្ងៃបោះឆ្នោត ធ្វើឡើងយ៉ាងរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ សន្ដិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ។
គ.ជ.ប បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថា អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១ ៥៩៨នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមាន ឈោ្មះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១ ៦២២នាក់។
ផ្អែកតាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខប) ទាំង ២៥ នៅវេលាម៉ោង ៧:០០ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យ បោះឆ្នោតទាំងអស់ទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នក បោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។
ទោះបីនៅតាមស្រុក ក្រុង នៃខេត្តមួយចំនួនមានអាកាសធាតុអួអាប់ដោយកន្លែងក្តី ក៏មិនបង្កការរំខាន និងរាំងស្ទះដល់ការបើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ៖ «គណបក្សនយោបាយនានាបានរក្សាភាពស្ងប់ស្ងាត់ ដើម្បីជំរុញឱ្យការបោះឆ្នោត ប្រព្រឹត្តទៅ ដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្ត អ្នកបោះឆ្នោតឡើយ»។
កម្លាំងសន្តិសុខបោះឆ្នោតបានដាក់ពង្រាយតាមគោលដៅនានាដែលធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
លោក ប្រាជ ចន្ទ ប្រធាន គ.ជ.ប បានវាយតម្លៃជារួមនាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភាថា ៖ «បរិយាកាសទូទៅជុំវិញការបោះឆ្នោតមាន សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាច ចាត់ទុកថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផល ជោគជ័យគួរជាទីមោទនៈ»។
សូមបញ្ជាក់ដែរថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស សរុបចំនួន ២០៩ បានដំណើរការបោះឆ្នោត ដោយរលូន និងជោគជ័យដែលក្នុងនោះមាន ១៩៥ ការិយាល័យបានបិទការិយាល័យ បោះឆ្នោតមុនពេលកំណត់ ដោយហេតុថាអស់អ្នកមកបោះឆ្នោត ហើយការិយាល័យ បោះឆ្នោត ចំនួន ១៤ បានបន្តបើកដំណើរការ រហូតដល់ម៉ោង ៣:០០រសៀលន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាមនីតិវិធី និងសេចក្តីណែនាំរបស់ គ.ជ.ប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្ស នយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យនីមួយៗ៕