លោកអភិបាលអូលីវីយ៉េ អញ្ជើញដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ សម្តេច ព្រះមហាសង្ឃរាជ
លោកអភិបាលអូលីវីយ៉េ រួមដំណើរដោយលោកអភិបាលសួន ហង្សលី បានដឹកនាំគណៈប្រតិភូព្រះសហគមន៍កាតូលិកនៅកម្ពុជា អញ្ជើញដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅ នៅវត្តឧណ្ណាលោម នារសៀលថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
លោកអភិបាលអូលីវីយ៉េ លោកអភិបាល សួន ហង្សលី និងគណៈប្រតិភូទាំងអស់បានឱនកាយគោរពព្រះសព និង ឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងចូលទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកអភិបាលអូលីវីយ៉េ ព្រមទាំង លោកអភិបាល លោកបូជាចារ្យ បព្វជិតបព្វជិតា គណៈកម្មការ និងគ្រីស្តបរិស័ទកាតូលិក ទាំងអស់មានសេចក្តី សោកស្តាយ ស្រណោះ អាឡោះអាល័យ ព្រោះថា ការចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី គឺជាការបាត់បង់នូវឥស្សរសមណសង្ឃពហុស្សូតជាន់ខ្ពស់មួយព្រះអង្គរបស់សាសនា។ ក្នុងឆាកជីវិតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី បានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ។ ការលះបង់ និងស្នាព្រះហស្តដ៏គួរឲ្យស្ញប់ស្ញែងយ៉ាងច្រើន ជាអនេក ជាពិសេសការ កសាងកិច្ចសន្ទនាអន្តរសាសនា ដើម្បីសុខដុមរមនា និងសន្តិភាព ក្នុងព្រះរាជាណាចក្រកម្ពុជារបស់ព្រះអគ្គមហាសង្ឃរាជាធិបតី មានតម្លៃ មិនអាចកាត់ថ្លៃបាន។
សូមជំរាបថា ទំនាក់ទំនងរវាងព្រះសហគមន៍កាតូលិក ជាមួយ ព្រះអគ្គមហាសង្ឃរាជាធិបតី គឺជិតស្និទ និងមានសាមគ្គីភាព ព្រះហឫទ័យសណ្តោសយោគយល់ និងស្រឡាញ់ គោរពគ្នាយ៉ាងល្អប្រសើរ។ ព្រះអគ្គមហាសង្ឃរាជាធិបតី តែងយាងចូលរួមក្នុងពិធីបុណ្យសំខាន់របស់ព្រះសហគមន៍កាតូលិក មាន យាងចូលរួមបុណ្យអគ្គសញ្ញាតែងតាំងជាអភិបាល របស់លោកអភិបាលអូលីវីយ៉េ ក្នុង២០១០ជាដើម។ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ព្រះអង្គ ចំពោះកិច្ចចូលគាល់សួរសុខទុក្ខពីសំណាក់ គណៈប្រតិភូសំខាន់ៗរបស់ព្រះសហគមន៍កាតូលិក។ មួយរយៈចុងក្រោយនេះ លោកអភិបាលអូលីវីយ៉េតែង អញ្ជើញចូលគាល់សួរសុខទុក្ខពីព្រះរាជសុខភាពរបស់សម្តេច ទាំងនៅវត្តឧណ្ណាលោម ក៏ដូចជានៅមន្ទីរពេទ្យ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គចូលទិវង្គត វេលាម៉ោង ១៧:៤០នាទី ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយព្រះជរាពាធក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។