លោកអភិបាលអូលីវីយ៉េ ប្រទានអគ្គសញ្ញាលាបថ្ងាសដល់គ្រីស្តបរិស័ទ ៥៤នាក់នៅព្រះសហគមន៍ជ្រៃធំ

ជ្រៃធំ ប្រទេសកម្ពុជា — នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យព្រះយេស៊ូគ្រីស្តជាព្រះមហាក្សត្រនៃសកលលោក លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទនៅព្រះសហគមន៍ជ្រៃធំ និងបានប្រទានអគ្គសញ្ញាលាបថ្ងាសដល់បងប្អូនចំនួន ៥៤នាក់ នៅក្នុងព្រះវិហារសន្តយ៉ូសែប។

ក្នុងឱកាសធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានលើកឡើងពីអត្ថន័យនៃបុណ្យព្រះយេស៊ូគ្រីស្តជាព្រះមហាក្សត្រ ដោយបញ្ជាក់ថា ព្រះអង្គគឺជាព្រះមហាក្សត្រដែលតែងតែយាងរួមដំណើរជាមួយមនុស្សលោកក្នុងគ្រប់កាលៈទេសៈនៃជីវិត។ លោកអភិបាលមានប្រសាសន៍ថា៖ «ទាំងនៅក្នុងពេលវេលាសប្បាយ ក្តីសង្ឃឹម និងទុក្ខលំបាក ព្រះយេស៊ូគង់នៅជាមួយយើងជានិច្ច»។
លោកអភិបាលបានរំលឹកបងប្អូនគ្រីស្តបរិស័ទកុំឲ្យយល់ច្រឡំរវាងអំណាចរបស់ព្រះយេស៊ូជាព្រះមហាក្សត្រ និងព្រះនាងម៉ារីជាព្រះមហាក្សត្រី ទៅនឹងព្រះមហាក្សត្រនានានៅក្នុងលោកិយ។ លោកបានអញ្ជើញបងប្អូនឲ្យពិចារណាព្រះគម្ពីរ ដោយរំលឹកពីជីវិតដ៏សាមញ្ញរបស់ព្រះនាងម៉ារី ដែលបានថ្វាយខ្លួននៅព្រះវិហារក្រុងយេរូសាឡឹមតាំងពីក្មេង ដើម្បីផ្សារភ្ជាប់ជីវិតនឹងព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ។

ក្រោយមក ព្រះនាងបានរស់នៅជាយុវនារីធម្មតាម្នាក់នៅភូមិណាសារ៉ែត រហូតដល់ទេវទូតកាព្រីអែលមកប្រកាសដំណឹងថា ព្រះនាងនឹងក្លាយជាមាតារបស់ព្រះយេស៊ូ។ ព្រះនាងពុំដែលសង្ស័យឡើយ គឺបានស្តាប់បង្គាប់តាមព្រះបន្ទូលព្រះជាម្ចាស់ តាមប្រពៃណីសាសនា និងតាមឪពុកម្តាយ។ លោកអភិបាលបានគូសបញ្ជាក់ថា ព្រះនាងម៉ារីមិនដែលគិតថាខ្លួនជាមនុស្សពិសេសទេ ប៉ុន្តែព្រះនាងបានក្លាយជាបុគ្គលពិសេស ដោយសារការយកចិត្តទុកដាក់អស់ពីសមត្ថភាព និងអស់ពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងបងប្អូន ជាពិសេសចំពោះឪពុកម្តាយ។ លោកបានផ្តាំផ្ញើដល់បងប្អូនទាំង ៥៤នាក់ដែលទើបទទួលអគ្គសញ្ញាលាបថ្ងាស ឲ្យយកចិត្តទុកដាក់រៀនសូត្រតាមគំរូដ៏ប្រពៃរបស់ព្រះនាង។ ចំពោះព្រះយេស៊ូវិញ លោកអភិបាលបានរំលឹកថា ព្រះអង្គបានរស់នៅក្នុងជីវិតធម្មតាអស់រយៈពេល ៣០ ឆ្នាំនៅភូមិណាសារ៉ែត។

លុះពេលចាប់ផ្តើមបេសកកម្មប្រកាសដំណឹងល្អ ព្រះអង្គគ្មានទាហាន គ្មានអង្គរក្ស និងគ្មានទីជម្រកពិតប្រាកដឡើយ ដោយទ្រង់ស្នាក់នៅកន្លែងផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយក្រុមគ្រីស្តទូតជាមិត្តសម្លាញ់។ ព្រះអង្គតែងតែផ្សារភ្ជាប់ព្រះហឫទ័យជាមួយអ្នកតូចតាច អ្នកពិការ អ្នកជំងឺ និងអ្នកអស់សង្ឃឹម ដើម្បីផ្តល់កម្លាំងចិត្ត សេចក្តីសង្ឃឹម និងជីវិតថ្មីដល់ពួកគេ។ នៅថ្ងៃដែលព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម ទោះបីជាមហាជនស្រែកហ៊ោថា «ជយោ ព្រះរាជវង្សព្រះបាទដាវីឌ!» ក្តី ក៏ព្រះអង្គយាងជិះសត្វលា ធ្វើដំណើរឆ្ពោះទៅរកទីបញ្ចប់នៃជីវិតលើផែនដី។ នៅក្បែរឈើឆ្កាង គ្រីស្តទូតបានរត់ចាកចេញអស់ នៅសល់តែព្រះមាតា និងសន្តយ៉ូហានប៉ុណ្ណោះ។ លោកអភិបាលបានសង្កត់ធ្ងន់ថា នេះហើយជាលក្ខណៈពិសេសនៃព្រះមហាក្សត្រដែលខុសប្លែកពីអ្វីដែលមនុស្សលោកធ្លាប់ស្គាល់ ដ្បិតព្រះយេស៊ូជាអ្នកបម្រើដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។

លោកបានលើកយកពិធីលាងជើងគ្រីស្តទូត ជាមួយព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គដែលថា «សូមធ្វើតាមខ្ញុំ បម្រើគ្នាទៅវិញទៅមក» មកធ្វើជាត្រីវិស័យសម្រាប់ជីវិតគ្រីស្តបរិស័ទ។ លោកអភិបាលអូលីវីយ៉េបានក្រើនរំលឹកបន្ថែមថា នៅថ្ងៃដែលយើងលាចាកលោកនេះទៅ ព្រះជាម្ចាស់នឹងសួរយើងថា៖ «តើបានបម្រើគ្នាទៅវិញទៅមកអត់? តើបានស្រឡាញ់គ្នាទៅវិញទៅមកអត់?» លោកបានលើកឧទាហរណ៍ពីដំណឹងល្អ ដូចជាការសួរសុខទុក្ខអ្នកជំងឺ និងអ្នកជាប់ឃុំ ការផ្តល់អាហារដល់អ្នកស្រេកឃ្លាន និងការលើកទឹកចិត្តអ្នកជួបទុក្ខលំបាក។ ទោះបីកិច្ចការទាំងនេះមើលទៅតូចតាចមិនអស្ចារ្យក្តី ក៏លោកអភិបាលបានដាស់តឿនកុំឲ្យពន្យារពេលធ្វើអំពើល្អទាំងនេះ រហូតដល់អស់ឱកាសឡើយ។ ក្នុងន័យនេះ លោកបានពន្យល់ពីកិច្ចការមេត្តាករុណាទាំង ៧ ដែលព្រះសហគមន៍បង្រៀន ដោយរួមបញ្ចូលទាំងការគោរពអ្នកទទួលមរណភាព ព្រមទាំងអញ្ជើញគ្រីស្តបរិស័ទឲ្យមើលឃើញព្រះភ័ក្ត្រព្រះយេស៊ូនៅក្នុងមនុស្សគ្រប់រូប។ ដោយសាររដូវរង់ចាំជិតឈានចូលមកដល់ លោកអភិបាលបានលើកទឹកចិត្តបងប្អូនឲ្យប្រើប្រាស់រយៈពេល ៤ សប្តាហ៍ខាងមុខនេះ ដើម្បីអនុវត្តកិច្ចការមេត្តាករុណាទាំង ៧ ក្នុងរៀបចំចិត្តទទួលស្វាគមន៍ព្រះយេស៊ូប្រសូត។ លោកមានប្រសាសន៍ថា ការតុបតែងទីធ្លា និងផ្ទះសំបែងឲ្យស្អាតជារឿងល្អប្រពៃ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់គ្រីស្តបរិស័ទ គឺការសម្អាតចិត្ត និងគំនិត ដើម្បីត្រៀមខ្លួនទទួលព្រះយេស៊ូ និងស្រឡាញ់គ្នាទៅវិញទៅមក។

ជាចុងក្រោយ ក្នុងក្តីសង្ឃឹមលើការត្រាស់ហៅរបស់ព្រះជាម្ចាស់ លោកអភិបាលអូលីវីយ៉េ ដែលបានបម្រើអស់រយៈពេល ១៧ ឆ្នាំក្នុងមុខងារជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងបានប្រទានអគ្គសញ្ញាលាបថ្ងាសដល់គ្រីស្តបរិស័ទជាច្រើនរយនាក់រួចមកហើយនោះ បានលើកទឹកចិត្តដល់ឪពុកម្តាយ និងលោកតាលោកយាយ ឲ្យជួយពិចារណា និងជួយតម្រង់ទិសកូនចៅក្នុងការស្វែងរកយល់ពី ពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងឆ្លើយតប ក្នុងជីវិតអ្នកបួស ដើម្បីបង្កើនអ្នកបម្រើព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍នាពេលអនាគត៕

Daily Program

Livesteam thumbnail
khmer popup image