សាសនទូតជនជាតិអង់គ្លេសម្នាក់ ទទួលបានការផ្តល់កិត្តិយសចំពោះការលះបង់ពេញមួយជីវិត ដើម្បីជួយដល់ជនមានពិការភាពនៅបង់ក្លាដែស
លោកស្រីវេជ្ជបណ្ឌិត វ៉ាឡឺរី តៃល័រ (Valerie Taylor) អ្នកព្យាបាលដោយចលនាជនជាតិអង់គ្លេស ដែលបានមកដល់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ១៩៦៩ ត្រូវបានផ្តល់កិត្តិយសចំពោះការលះបង់ពេញមួយជីវិតរបស់លោកស្រី ដើម្បីជួយដល់ជនមានពិការភាពនៅក្នុងប្រទេសបង់ក្លាដែស។
លោកស្រីបានចាប់ផ្តើមធ្វើការនៅមន្ទីរពេទ្យមួយដែលគ្រប់គ្រងដោយព្រះសហគមន៍ ក្នុងទីក្រុងជីតាហ្គាន (Chittagong) ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ អ្វីដែលបានចាប់ផ្តើមពីការប្តេជ្ញាចិត្តក្នុងការថែទាំអ្នកជំងឺ បានវិវត្តទៅជាបេសកកម្មពេញមួយជីវិត ដើម្បីផ្តល់ការព្យាបាល ការស្តារនីតិសម្បទា និងក្តីសង្ឃឹមដល់ជនមានពិការភាព។
ជាង ៥ ទសវត្សរ៍ក្រោយមក ការចូលរួមចំណែករបស់លោកស្រី បានធ្វើឱ្យលោកស្រីទទួលបាននូវគ្រឿងឥស្សរិយយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតមួយរបស់ចក្រភពអង់គ្លេស។
លោកស្រីត្រូវបានទទួលស្គាល់ដោយចក្រភពអង់គ្លេស ចំពោះការលះបង់លើការងារជាច្រើនទសវត្សរ៍របស់លោកស្រី ក្នុងការជួយដល់សហគមន៍ដែលត្រូវបានគេមើលរំលង និងខ្វះខាតលទ្ធភាពនៅក្នុងប្រទេសបង់ក្លាដែស។
គ្រឿងឥស្សរិយយសនេះត្រូវបានប្រគល់ជូនជាផ្លូវការនៅក្នុងពិធីមួយនៅស្ថានឧត្តមស្នងការអង់គ្លេស (British High Commission) ក្នុងទីក្រុងដាកា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយមានការចូលរួមពីសមាជិកនៃរាជវង្សអង់គ្លេស។
លោកស្រីត្រូវបានគេស្គាល់ទូទាំងប្រទេសបង់ក្លាដែសដោយក្តីស្រឡាញ់ថាជា «ដូនជី» រហូតដល់អ្នកខ្លះហៅលោកស្រីថាជា «មាតា តេរ៉េសា នៃប្រទេសបង់ក្លាដែស» ចំពោះការងារមនុស្សធម៌របស់លោកស្រី។
លោកស្រីបានបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់ជនមានពិការភាពរាងកាយក្នុងឆ្នាំ១៩៧៩ ហើយមជ្ឈមណ្ឌលនេះបានបន្តដំណើរការរហូតដល់សព្វថ្ងៃ។
