លោកស៊ី ជីងពីង និយាយការពារសម្រាប់សន្និសីទសន្តិភាពដ៏ទំលំទូលាយនៅហ្គាហ្សា
ប្រធានាធិបតីចិន លោកស៊ី ជីងពីង កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានសន្នីសីទដ៏ធំមួយស្តីអំពីសន្តិភាពដើម្បីដោះស្រាយជម្លោះនៅហ្គាហ្សា នៅអំឡុងពេលសន្និសីទនៃមេដឹកនាំ និងអ្នកការទូតអារ៉ាបនៅទីក្រុងប៉េកាំង។
ទាក់ទិននឹងសង្រ្គាមតាំងពីខែតុលារវាងអ៊ីស្រាអែល និងហាម៉ាស លោកស៊ី បានថ្លែងថា ៖ “មជ្ឈិមបូព៌ាគឺជាដែនដីជាមួយនឹងទស្សនវិស័យដ៏ធំនៃការអភិវឌ្ឍ ប៉ុន្តែសង្រ្គាមបានបំផ្លិច បំផ្លាញនៅទីនោះ”។ ប្រធានាធិបតីចិនបានបន្ថែមថា ៖ “សង្រ្គាមមិនគួរត្រូវបានបន្តដោយគ្មានទីបញ្ចប់ទេ។ យុត្តិធម៌មិនគួរណាមិនមានជានិច្ចកាលនោះទេ”។
ដោយរំឭកអំពីសារសំខាន់ បើតាមរូបលោក នៃដំណោះស្រាយរដ្ឋពីរ លោកស៊ី ជីងពីង បានគូសបញ្ជាក់ថា ចិនគាំទ្រដោយម៉ឺងម៉ាត់អំពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងការចូលរបស់ដោយពេញលេញ និងទាំងស្រុងរបស់ប៉ាឡេស្ទីនទៅកាន់អង្គការសហប្រជាជាតិ។ ទីក្រុងប៉េកាំងក៏បានអំពាវទៅកាន់អង្គការសហប្រជាជាតិឲ្យមានសន្និសីទសន្តិភាពជាអន្តរជាតិទំលំទូលាយជាមួយនឹងការចូលរួមពីភាគីជាច្រើន។
ប្រធានាធិបតីចិន លោកស៊ី ជីងពីង កាលពីថ្ងៃព្រហស្បតិ៍ដែរ បានទទួលមេដឹកនាំ និងអ្នកការទូតអារ៉ាបជាច្រើននៅសន្និសីទមួយនៅទីក្រុងប៉កាំងដើម្បីស្វែងរកសម្លេងរួមចិន និងអារ៉ាបអំពីជម្លោះនៅហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយ លោកស៊ី ជីងពីង បានថ្លែងថា ជារៀងរាល់ពេល ដែលលោកបានជួបមិត្តអារ៉ាប លោកមានអារម្មណ៍ជាសាច់ញាតិដ៏ជ្រាលជ្រៅ។ លោកបញ្ជាក់ថា មិត្តភាពរវាងប្រទេសចិន ប្រជាជនចិន និងប្រទេសអារ៉ាប់កើនឡើងពីការផ្លាស់ប្តូរមិត្តភាពជាយូរមកហើយ តួយ៉ាង តាមបណ្តោយអតីតផ្លូវសូត្រ។
ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ដេល ហ្វ៉ាតា អាល់ ស៊ីសស៊ី បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរារាំងរាល់ការជម្លៀសប្រជាជនហ្គាហ្សាដោយប្រើកម្លាំង នៅអំឡុងសន្និសីទចិនអារ៉ាបនៅទីក្រុងប៉េកាំង។ លោកបានថ្លែងថា ៖ “លោកអំពាវនាវឲ្យសហគមន៍អន្តរជាតិ ផ្តល់់ជាបន្ទាន់នូវជំនួយមនុស្សធម៌រយៈពេលវែងដល់តំបន់ហ្គាហ្សា បញ្ចប់ការតាំងទីរបស់អ៊ីស្រាអែល និងបញ្ឈប់រាល់ការប៉ុងប៉ងបង្ខំប្រជាជនប៉ាឡេស្ទីនចាកចេញពីដីរបស់ពួកគេដោយប្រើកម្លាំង។”
ទោះបីជាមានការរិះគន់កាលពីថ្ងៃព្រហស្បតិ៍ ទាហានអ៊ីស្រាអែលបន្តការវាយប្រហារលើតំបន់ហ្គាហ្សាបន្ទាប់ពីបានអះអាងកាលពីម្សិលថា បានដណ្តើមគ្រប់គ្រងតំបន់ទ្រនាប់យុទ្ធសាស្រ្តរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប ដែលស្ថិតនៅជិតទីក្រុងរ៉ាហ្វ៉ា ដែលជាចំណុចក្តៅថ្មីនៃសង្រ្គាមប្រឆាំងក្រុមហាម៉ាស។
ទន្ទឹមពេលនេះដែរ កាលពីថ្ងៃព្រហស្បតិ៍ នៅតំបន់ហ្គាហ្សា យោធាអ៊ីស្រាអែល បានពង្រាយទាហាននៅក្នុងទីក្រុងផ្សេងៗ នៅស៊ីហ្ស័កដានី ដែលត្រូវបានគ្រប់គ្រងបន្ទាប់ពីមានការវាយប្រហារលើរថយន្តមួយរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធ ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលពីរនាក់នៅជិតណាប្ល៊ូ។
នៅហ្គាហ្សា ទាហានអ៊ីស្រាអែល បានអះអាងថា បានរកឃើញរូងក្រោមដីប្រមាណ ២០ នៅក្នុងផ្នែកព្រំដែន ដែលគេសង្ស័យថា ប្រើប្រាស់សម្រាប់ដឹកនាំទំនិញសម្ភារៈសម្រាប់ក្រុមប្រដាប់អាវុធនៅក្នុងទឹកដីប៉ាឡេស្ទីន។ អេហ្ស៊ីប បានបដិសេធថា មិនមានរូងក្រោមដីតាមព្រំដែន និងអះអាងថា អ៊ីស្រាអែលស្វែងរកអ្វីដើម្បីផ្តល់ភាពត្រឹមត្រូវដល់ការវាយប្រហាររបស់ខ្លួននៅរ៉ាហ៉្វាប្រឆាំងនឹងចលនាអ៊ីស្លាមប៉ាឡេស្ទីន។