លោកបូជាចារ្យជនជាតិហ្វីលីពីនម្នាក់លាចាកលោកក្រោយបម្រើព្រះសហគមន៍អស់៦ទស្សវត្សរ៍
បូជាចារ្យផ្សព្វផ្សាយសាសនា ជនជាតិហ្វីលីពីនម្នាក់ដែលបានលះបង់ជីវិតអស់រយៈពេលដល់ទៅ៦ទស្សវត្សរ៍បម្រើព្រះសហគមន៍នៅក្នុងប្រទេសហ្វីលីពីន និងជាអ្នកជំនាញទេវវិទ្យាសាសនា បានទទួលមរណភាពក្នុងវ័យ ៨៥ ឆ្នាំ។
លោកបូជាចារ្យដែលពលីមានឈ្មោះថា វីសេន កាស្រ្ត៊ូ ( Vicente Castro ) ជាបូជាចារ្យផ្សព្វផ្សាយសាសនាដែលបានបូជាជីវិតដើម្បីព្រះសហគមន៍កាតូលិកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកទ្រឹស្ដីសាសនា អ្នកណែនាំ និងអ្នកកសាងសហគមន៍ ។
លោកបានទទួលមរណភាពនៅវេលាម៉ោង ២ និង ១០នាទីទៀបភ្លឺ ថ្ងៃទី ២៥ ខែកញ្ញា ក្នុងទីក្រុង គ្វីហ្ស៊ុន (Quezon) ប្រទេសហ្វីលីពីន។
លោកបូជាចារ្យ កើតនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៤០ ហើយបានលះបង់ពេលវេលាប្រហែល ៦០ ឆ្នាំសម្រាប់ការងារផ្សព្វផ្សាយសាសនា ដោយធ្លាប់បានបំពេញបេសកកម្មនៅតំបន់សារ៉ាហ្គានី ( Sarangani) និង មីនដូរ៉ូ (Mindoro) ភាគខាងត្បូងប្រទេសហ្វីលីពីន ក៏ដូចជានៅទីក្រុងរ៉ូមផងដែរ។
ក្រុមការងាររបស់លោកបូជាចារ្យ បានចងចាំលោកតាមរយៈស្នាដៃរបស់លោកក្នុងនាមជាគ្រូបង្រៀនផ្នែកទ្រឹស្ដីសាសនា ការប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍ និងការលះបង់ចំពោះការងារផ្សព្វផ្សាយសាសនា។
នៅក្នុងសាររំលែកទុក្ខលើបណ្តាញសង្គម លោកបូជាចារ្យ រ៉ូស ហេរូអេឡា ( Ross Heruela ) បានរំលឹក ថា លោកបូជាចារ្យជាបងប្អូនរួមគណៈដែលបានណែនាំអ្នកដទៃឱ្យស្គាល់ព្រះជាម្ចាស់ និងបានលើកទឹកចិត្តសហគមន៍ឱ្យឈានហួសពីវប្បធម៌នៃការរង់ចាំទទួលតែជំនួយឧបត្ថម្ភទៅជាសហគមន៍ដែលសកម្ម។
លោកបូជាចារ្យ ក៏បានចូលរួមចំណែកក្នុងការថែរក្សាប្រវត្តិសាស្ត្រនៃព្រះសហគមន៍កាតូលិកនៅមីនដូរ៉ូ ដែលជាខេត្តមួយនៅលើកោះនៅតំបន់កណ្តាលប្រទេសហ្វីលីពីន តាមរយៈចំណេះដឹងផ្នែកភាសា និងការងារបកប្រែរបស់លោក។
