ការផ្តល់រង្វាន់លើ«គ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ» ត្រូវបញ្ឈប់ ចាប់ពីថ្ងៃទី០១ តុលា តទៅ

ក្រសួងសេដ្ឋកិច្ច សម្រេចបញ្ឈប់ការផ្តល់ ឬប្តូររង្វាន់ដែលភ្ជាប់ជាមួយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។ វិធានការនេះរួមមានការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផល ព្រមទាំងកម្មវិធីផ្សេងៗដូចជា ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ QR Code និងកម្មវិធីរង្វាន់ឌីជីថលជាដើម។ ការបញ្ឈប់នេះត្រូវអនុវត្តឱ្យបានរួចរាល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ក្រសួងក៏មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃឡើយ។ សហគ្រាសផលិត និងអ្នកចែកចាយត្រូវបញ្ឈប់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប និងសំបកវេចខ្ចប់ដែលមានភ្ជាប់រង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផល។

ទោះជាយ៉ាងណា ក្រសួងអនុញ្ញាតឱ្យប្រើវិធីលើកទឹកចិត្តផ្នែកពាណិជ្ជកម្មតាមរយៈ ការបញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) មិនឱ្យលើសពី ១៥% នៃតម្លៃលក់ដែលកត់ត្រាលើវិក្កយបត្រ។ សម្រាប់ផលិតផលដែលជិតផុតកំណត់ប្រើប្រាស់ និងមានរយៈពេលនៅសល់មិនលើសពី ៦០ថ្ងៃ អាចបញ្ចុះតម្លៃបានរហូតដល់ ២៥% ប៉ុន្តែត្រូវជូនដំណឹងជាមុនទៅអគ្គនាយកដ្ឋានពន្ធដារ។

ក្រៅពីនេះ ក៏អាចលក់ផលិតផលដោយផ្តល់ជូនអត្ថប្រយោជន៍បន្ថែមជាទំនិញ ឬសេវាផ្សេងៗដែលមិនមែនជាគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដូចជា កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្តជាដើម។ អត្ថប្រយោជន៍បន្ថែមទាំងនេះ ត្រូវមានតម្លៃមិនលើសពី ៥% នៃតម្លៃលក់ដែលកត់ត្រាលើវិក្កយបត្រ៕

 

Daily Program

Livesteam thumbnail
khmer popup image