លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យមានការត្រៀមលក្ខណៈ និងអន្តរាគមន៍ទាន់ពេលវេលា ខណៈកម្រិតទឹកទន្លេមេគង្គកើនឡើង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការត្រៀមលក្ខណៈ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកម្រិតទឹកទន្លេមេគង្គ និងការលិចលង់នៅតំបន់មួយចំនួន ដោយបញ្ជាក់ធ្ងន់ៗថា ការការពារជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋត្រូវតែរក្សាជាអាទិភាពចម្បង។

សម្តេចធិបតី បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ដែលមានប្រវែងសរុប ៩៨.៤០៥ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក នៅក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃអង្គារថា៖ «សូមពិនិត្យមើលស្ថានភាព និងត្រៀមអន្តរាគមន៍ ដោយផ្តល់អាទិភាពលើជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា វាជាទៅមិនរួចឡើយក្នុងការបង្ការគ្រោះធម្មជាតិឱ្យបាន ១០០ ភាគរយ ប៉ុន្តែសម្តេចបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងភាពធន់ តាមរយៈប្រព័ន្ធឆ្លើយតបដែលមានប្រសិទ្ធភាព និងអាចដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានាដែលកើតចេញពីគ្រោះធម្មជាតិ។

សម្តេចបានមានប្រសាសន៍ថា៖ «យើងមិនមានសមត្ថភាពបង្ការគ្រោះធម្មជាតិបាន ១០០ ភាគរយនោះទេ ប៉ុន្តែយើងត្រូវតែកសាងភាពធន់ ជាពិសេសប្រព័ន្ធធ្វើការដែលអាចឆ្លើយតបទៅនឹងហានិភ័យដែលកើតចេញពីគ្រោះធម្មជាតិ»។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីតម្រូវការសម្រាប់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការប្រុងប្រយ័ត្ន និងតាមដានការវិវត្តនៃស្ថានការណ៍ឱ្យបានដិតដល់ និងដោះស្រាយបញ្ហានៅពេលវាកើតឡើង ដើម្បីធានាថាវិធានការចាំបាច់នានាត្រូវបានអនុវត្តបានទាន់ពេលវេលា។

មតិយោបល់របស់សម្តេច បានធ្វើឡើងចំពេលដែលកម្រិតទឹកទន្លេមេគង្គបានកើនឡើងនាឆ្នាំនេះ ដោយមានការរាយការណ៍អំពីការលិចលង់នៅតំបន់មួយចំនួនក្នុងខេត្តក្រចេះ ត្បូងឃ្មុំ ជាដើម។ ការអំពាវនាវនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការត្រៀមលក្ខណៈ ការអន្តរាគមន៍ជាមុន និងការឆ្លើយតបបន្ទាន់ដោយមានកិច្ចសម្រួលរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការលិចលង់លើសហគមន៍ និងការពារសុវត្ថិភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

 

Daily Program

Livesteam thumbnail
khmer popup image