លោកគីម ជុងអ៊ុន នៅតែគាំទ្រសង្រ្គាមរបស់រុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា បានរាយការណ៍ឲ្យដឹង ថា ប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបញ្ជាក់ឡើងអំពីការគាំទ្ររបស់ទីក្រុង ព្យុងយ៉ាង​សម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងសន្យាជួយទីក្រុងមូស្គូ ឲ្យទទួល ជ័យជម្នះនៅក្នុងសង្រ្គាមពិសិដ្ឋរបស់ខ្លួន។

ការថ្លែងនេះកើតមានឡើងនៅខណៈដែលមន្រ្តីជាន់ខ្ពស់របស់រុស្ស៊ីជាច្រើននាក់បានទៅទីក្រុង​ព្យុងយ៉ាងជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានជាអាទិ៍ មន្រ្តីការពារជាតិរុស្ស៊ី លោក អន់ឌ្រេអ៊ី បឺឡូអ៊ូសូវ និងដែលបានជួបសន្ទនាជាមួយលោកគីម ជុនអ៊ុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកគីម ជុងអ៊ុន បានថ្លែងទៅកាន់​លោក​អន់ដ្រេអ៊ី បូឡូអ៊ូសូវថា កូរ៉េខាងជើងនឹងគាំទ្រជានិច្ចទាំងស្រុងនូវនយោបាយ​របស់​សហព័ន្ធ​​រុស្ស៊ី ដែលសំដៅការពារ​អធិបតេយ្យភាពជាតិ បូរណភាពដែនដី និងផលប្រយោជន៍​សន្តិសុខ​របស់ខ្លួន។

ប្រមុខមេដឹកនាំកូរ៉េខាងជើង បានសម្តែងនូវការសច្ចាថា ទាហាន និងប្រជាជនរុស្ស៊ី នឹងទទួល​ជោគជ័យ​ដោយមិនមានការសង្ស័យណាមួយ នៅក្នុងសង្រ្គាមដ៏ពិសិដ្ឋ និងត្រឹមត្រូវនេះ។ ភាគី​ទាំងពីរក៏បានថ្លែងថា បានពិភាក្សាគ្នា​អំពីការពង្រឹងទំនាក់ទំនងយោធា។ លោកអន់ដ្រេអ៊ី បូឡូអ៊ូសូវ បញ្ជាក់ថា ទីក្រុងមូស្គូ ត្រៀមខ្លួននឹងចុះហត្ថលេខា​នូវផែនការកិច្ចសហប្រតិបត្តិការ ក្នុង​រយៈ​ពេលពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១។

លោកគីម ជុងអ៊ុន លោកអន់ដ្រេអ៊ី បូឡូអ៊ូសូវ និងប្រធានសភាឌូម៉ា របស់រុស្ស៊ី លោក​វីយ៉ាចេស្លាវ វ៉ូឡូឌីន ក៏បានចូលរួមក្នុងពិធីបើកសម្ពោធទីតាំងរំឭកកត្តិយសដល់ទាហាន​កូរ៉េ​ខាង​ជើង​​ដែល​បានស្លាប់នៅអ៊ុយក្រែន។

ពិធីនេះត្រូវបានកត់សម្គាល់ដោយការប្រគុំតន្រ្តី ការបាញ់កាំជ្រួច និងព្យុហយាត្រាទ័ពអាកាស​ផង​ដែរ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងបានរាយការណ៍​ឲ្យ​ដឹង​ថា សាធារណជន​មានចំណាប់​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​នឹងការតាំងពិព័រណ៍នាអំពី “សមរភូមិបង្ហូរឈាម” ក៏ដូចជា​ការ​ប្រយុទ្ធ​ត​ទល់​គ្នា​រហូត​ដល់ពលី ការផុសឡើងនូវវីរភាព និងការបន្ទុះធ្វើអត្តឃាត​ដែលជា​ជម្រើស​ដោយគ្មាន​ស្ទាក់ស្ទើ​របស់ទាហានវ័យក្មេងរបស់កូរ៉េខាងជើង។

ប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ ព្រមទាំងមីស៊ីល និងគ្រាប់រំសេវ ដើម្បី​គាំទ្ររុស្ស៊ី​នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ រីឯប្រទេសកូរ៉េខាងត្បូង វាយតម្លៃថា ទាហាន​កូរ៉េខាងជើងប្រមាណ ២០០០នាក់ ត្រូវបានស្លាប់នៅក្នុងសង្រ្គាមនេះ។

យោងតាមអ្នកជំនាញ ជាការដោះដូរវិញ ប្រទេសកូរ៉េខាងជើងទទួលបានពីរុស្ស៊ី​នូវជំនួយ​ហិរញ្ញវត្ថុ បច្ចេកវិជ្ជាយោធា ព្រមទាំងចំណីអាហារ និងធនធានថាមពល ដែលអនុញ្ញាត​ឲ្យ​ទីក្រុង​ព្យុងយ៉ាងគេចចេញពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាអន្តរជាតិដែលវាយប្រហារ​លើកម្មវិធី​នុយក្លេអ៊ែរ​​ហាមឃាត់របស់ខ្លួន។

នៅឆ្នាំ២០២៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធា​ដែលតម្រូវឲ្យ​ប្រទេស​នីមួយៗផ្តល់ជំនួយយោធាដោយគ្មានការពន្យាពេលក្នុងករណីមានការវាយប្រហារ​ប្រឆាំង​នឹង​ប្រទេសណាមួយ។

ចំណែក ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជែមីញ៉ុង បានថ្លែងកាលពីថ្ងៃចន្ទថា វាគឺជា​ជោគ​វាសនា​​សម្រាប់កូរ៉េខាងត្បូង និងទាំងកូរ៉េខាងជើង ដើម្បីលើកតម្កើងផ្កានៃសន្តិភាព។ លោក​លី ជែមីញ៉ុង ក៏បានសន្យាធ្វើប្រតិកម្ម​ដោយសកម្មដើម្បីស្ថាបនា​ទំនុកចិត្តជាមួយទីក្រុង​ព្យុងយ៉ាង។ លោកបន្ថែមថា ៖ “យើងសង្ឃឹមថា ប្រទេសកូរ៉េខាងជើងនឹងធ្វើ​ឲ្យមាន​ទំនុក​ចិត្ត​ដោយភាព​ស្មោះត្រង់ជាមួយរដ្ឋាភិបាលរបស់យើង ហើយរដ្ឋាភិបាលយើងឆ្លើយតបតាម​របៀប​ដូចគ្នា។”

 

Daily Program

Livesteam thumbnail