លោកគង់ អាទិត្យ ជាប់ឆ្នោតជាប្រធានសហភាពការងារកម្ពុជាCLC) អាណត្តិទី៥ថ្មី បន្ទាប់ពីលោកអាត់ ធន់

មហាសន្និបាតអាណត្តិទី៥ របស់សហភាពការងារកម្ពុជា (CLC) បានបោះឆ្នោតជ្រើសរើសលោកគង់ អាទិត្យ ជាប្រធាននៃអាណត្តិថ្មី បន្តពីលោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា។

មហាសន្និបាតអាណត្តិទី៥ របស់ CLC នេះរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋា គារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម អង្គការដៃគូរជាតិ និងអន្តរជាតិ សរុបជាង ២០០នាក់។

ក្រៅពីលោក គង់ អាទិត្យ បានជាប់ឆ្នោតជាប្រធាន លោកហេង ជឿន បានជាប់ឆ្នោតជាអនុប្រធាន និងលោកលោកស្រី ហេង ចិន្តា ជាប់ជាអគ្គលេខាធិការ។  

លោក គង់ អាទិត្យ បានប្រាប់RVA Khmer ឱ្យដឹងនៅថ្ងៃទី២០ ខែឧសភានេះដោយបានបង្ហាញចំណាប់អារម្មណ៍សោមនស្សរីករាយដែលលោកត្រូវបានជាប់ឆ្នោតជាប្រធានថ្មីរបស់ CLC ក្នុងអាណត្តិទី៥ ហើយលោកអះអាងថា វាជាឱកាសក្នុងការបញ្ចេញសម្ថភាព និងទំនួលត្រូវខ្ពស់របស់លោកដើម្បីដឹកនាំស្ថាប័ននេះ។

លោកបន្តថា៖ «ខ្ញុំនឹងបន្តធ្វើការដើម្បី លើកកម្ពស់ប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករគ្រប់វិស័យ។ ការពារសិទ្ធិនិងលើកកម្ពស់សិទ្ធិកម្មករ ព្រមទ្រាំងពង្រឹងគុណភាពកិច្ចគាំពារសង្គមផងដែរ តាមរយៈអំណាចកម្មករក្នុងសហជីព»។

លោកគង់ អាទិត្យ បង្ហាញគោលនយោបាយ ៥ចំណុច ក្នុងអាណត្តិទី៥ ក្នុងការដឹកនាំ CLC។ ទី១ ពង្រឹងគុណភាពសហជីពឯករាជ្យ និងកសាងសម្ព័ន្ធមិត្តឱ្យធំ និងខ្លាំង មិនយកភាគីណាជាសត្រូវ ដោយសង្កត់ធ្ងន់ដល់ការជួយលោក ម៉ម រិទ្ធី ឱ្យនៅក្រៅឃុំ។ ទី២ បង្កើនគុណភាពដោះស្រាយវិវាទ និងចងក្រងឱ្យល្អបំផុត(ជ្រើសរើសមន្ត្រីល្អៗ មេធាវីល្អៗ ឱ្យបានគ្រប់គ្រាន់)។

លោកបានបន្តថា ទី៣ ដឹកនាំដោយតម្លាភាពអំពីការគ្រប់គ្រងថវិការ(ហិរញ្ញវត្ថុ បែងចែកថវិការដល់ សហព័ន្ធមានតម្លាភាពខ្ពស់ យុត្តិធម៌ និងពង្រីកមូលធិនិម្ចាស់ជំនួយ)។ ទី៤ យកបងប្អូនថ្នាក់ដឹកនាំសហព័ន្ធ សហជីព សកម្មជនជាធំ និងពង្រឹងការងារនៅមូលដ្ឋានជាមួយសហព័ន្ធឱ្យបានជាប់លាប់បំផុត(ពង្រឹងសាមគ្គីភាពផ្ទៃក្នុង) និងទី៥ ចរចាជាមួយសហជីពសហភាពនិយោជក និងរាជរដ្ឋាភិបាល តំឡើងប្រាក់ឈ្នួលជូនកម្មករ ពង្រឹងសេវា ប.ស.ស. ឱ្យល្អ និងលក្ខខណ្ឌការងារជូនកម្មករគ្រប់វិស័យ។

ជាមួយគ្នានេះ លោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា បានប្រាប់RVA Khmer នៅថ្ងៃទី២០ ខែឧសភាថា សហភាពការងារកម្ពុជា (CLC) ជាតួអង្គមួយសហជីពឯករាជ្យដ៏សំខាន់ក្នុងដំណើរការងារសិទ្ធិកម្មករ នៅចំពោះការរងគ្រោះពីបញ្ឈប់ពីការងារដោយបង្ខំ ការធ្វើទុក្ខបុកម្និញនានា ជាមួយការទាមទារតម្លើងប្រាក់ខែ របបសន្តិសុខសង្គម ព្រមទាំងការពារភាពត្រឹមត្រូវនៅក្នុងវិស័យការងារនៅកម្ពុជា។

ទោះជាយ៉ាងណា លោកបង្ហាញការអាក់អន់ស្រពន់ចិត្ត និងយល់ថា ដំណើរទៅអនាគតរបស់សហភាពការងារកម្ពុជាហាក់មិនច្បាស់លាស់ ហើយលោកជឿជាក់ថា ប្រធានអាណត្តិថ្មីបន្តពីលោកនឹងមិនអាចកាន់តួនាទីបានល្អដូចលោកឡើយ។

លោកសង្កត់ធ្ងន់ទៀតថា នៅក្នុងដំណើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហភាពកការងារកម្ពុជាអាណត្តិទី៥ នេះ មានភាពមិនប្រក្រតី និងគ្មានយុត្តិធម៌ឡើយ។

លោកបញ្ជាក់ដូច្នេះថា ៖ «ចំពោះប្រធានថ្មី[លោកគង់ អាទិត្យ] យើងអាចតាមដានមើលបន្ត ព្រោះខ្ញុំមិនច្បាស់ទេ ប៉ុន្តែយើងដឹងហើយថា ប៉ុន្មានឆ្នាំហើយ គេធ្វើអី [លោកគង់ អាទិត្យ] យើងអត់ច្បាស់ថា គេដើរទៅណាទេ ប៉ុន្តែខ្ញុំច្បាស់ណាស់ថា មិនអាចដឹកនាំដូចខ្ញុំបានទេ»។

លោកអាត់ ធន់ បន្ថែមថា កន្លងមក ក្នុងអាណត្តិដឹកនាំដោយលោក CLC ជាច្រើនឆ្នាំ បានចូលរួមចំណែកជាច្រើនក្នុងបុព្វហេតុការពារសិទ្ធិជូនកម្មករ កម្មការិនី នៅទូទាំងប្រទេសកម្ពុជា ហើយកិច្ចតទៅមុខក្នុងវិស័យសហជីពនេះ លោកបន្តការងារជាប្រធានក្រុមប្រឹក្សាភិបាលរបស់សហជីពស៊ីកាឌូ (C.CADWU)៕

Daily Program

Livesteam thumbnail