លោកកាឌីណាល់នៅវ៉ាទីកង់ជំរុញឱ្យ COP31 កំណត់យកសេចក្តីថ្លៃថ្នូររបស់មនុស្សជាស្នូលនៃសកម្មភាពទាក់ទងនឹងអាកាសធាតុ

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ បានជំរុញឱ្យប្រតិភូដែលចូលរួមក្នុងកិច្ចប្រជុំ COP31 នៅទីក្រុងអេនតាលីយ៉ា (Antalya) ដែលស្ថិតនៅភាគខាងត្បូងនៃឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅក្នុងប្រទេសតួគីយ៉េ ដាក់ប្រជាជនដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ ឱ្យនៅចំកណ្តាលនៃការពិភាក្សារបស់ពួកគេ។

ក្នុងនាមសម្តេចប៉ាប លោកកាឌីណាល់ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់សម្តេចប៉ាបនៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន ដែលបានស្នើឱ្យពិភពលោក «ចងចាំជានិច្ចអំពីទិដ្ឋភាពមនុស្សនៅក្នុងវិបត្តិអាកាសធាតុនេះ»។

លោកកាឌីណាល់បានមានប្រសាសន៍ថា ការសម្រេចចិត្តនានាដែលប្រតិភូត្រូវធ្វើឡើងនោះ គឺពាក់ព័ន្ធនឹងជីវិត ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដែលព្រះជាម្ចាស់បានប្រទានឱ្យ និងអនាគតរបស់មនុស្សជាតិទាំងមូល។

COP31 ដែលជាកិច្ចប្រជុំស្តីពីអាកាសធាតុលើកទី ៣១ របស់អង្គការសហប្រជាជាតិ បានប្រមូលផ្តុំបណ្តាអ្នកជំនាញមកពីប្រទេសនានា ដើម្បីចរចាអំពីវិធីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការស្វែងរកហិរញ្ញវត្ថុសម្រាប់គាំទ្រកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

លោកកាឌីណាល់ ក៏បានលើកឡើងថា ការវិភាគបែបវិទ្យាសាស្ត្រកាន់តែបង្ហាញឱ្យឃើញថា កម្រិតកម្ដៅអាចនឹងកើនឡើងលើស ១,៥ អង្សាសេ។ លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris Agreement) បានផ្តល់នូវក្របខណ្ឌរួមមួយសម្រាប់បណ្តាប្រទេសនានាក្នុងការចាត់វិធានការ ប៉ុន្តែនៅតែមានគម្លាតធំៗនៅក្នុងការប្តេជ្ញាចិត្តផ្នែកនយោបាយ សកម្មភាពជាក់ស្តែង និងការវិនិយោគ។

លោកបានបន្ថែមថា ប្រជាជនដែលក្រីក្របំផុត និងមនុស្សជំនាន់ក្រោយ គឺជាអ្នកដែលត្រូវទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទោះបីជាពួកគេគឺជាអ្នកដែលមានចំណែកតិចតួចបំផុតក្នុងការបង្កឱ្យមានវិបត្តិនេះក៏ដោយ។

Daily Program

Livesteam thumbnail
khmer popup image