កម្ពុជាក្លាយជាភូមិសកលមួយ នៅពេលពិភពលោកជួបជុំគ្នានៅរាជធានីភ្នំពេញ
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រាជធានីភ្នំពេញបានប្រែក្លាយទៅជាភូមិសកលមួយយ៉ាងពិតប្រាកដ ខណៈដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រកបដោយភាពជោគជ័យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងនេះ បាននាំមកនូវថ្នាក់ដឹកនាំពិភពលោក សហគ្រិន សិល្បករ អ្នកសិក្សាស្រាវជ្រាវ និងអ្នកសារព័ត៌មានមកពីគ្រប់ទិសទី ធ្វើឱ្យទំនាក់ទំនងការទូតមិនត្រឹមតែកើតឡើងនៅក្នុងសាលប្រជុំប៉ុណ្ណោះទេ ប៉ុន្តែបានសាយភាយយ៉ាងរស់រវើកចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានីផងដែរ។
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំផ្លូវការ ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកបានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគី កិច្ចការតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាលទ្ធផលជាក់ស្តែង កម្ពុជា និងបារាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗចំនួន ២៩ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខ និងការពារជាតិ ថាមពល អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលក៏បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព នីតិរដ្ឋ និងកិច្ចសហប្រតិបត្តិការពហុភាគី សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពក្នុងលំហហ្វ្រង់កូហ្វូនី ដែលផ្តោតលើការបង្ការជម្លោះ និងការកសាងសន្តិភាព និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ ដែលផ្តួចផ្តើមឡើងដោយកម្ពុជា។
ក្រៅពីបរិយាកាសផ្លូវការ រាជធានីភ្នំពេញក៏បានបន្សល់ទុកនូវទិដ្ឋភាពគួរឱ្យចងចាំជាច្រើននៅតាមទីសាធារណៈ។ ថ្នាក់ដឹកនាំពិភពលោកលែងបង្ហាញវត្តមានតែនៅក្នុងបន្ទប់សន្និសីទ ឬតាមកញ្ចក់ទូរទស្សន៍ទៀតហើយ ជាក់ស្តែង ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវ ប៊្រីហ្សីត ម៉ាក្រុង បានអញ្ជើញដើរកម្សាន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញនាពេលល្ងាច ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងថតរូបអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋមូលដ្ឋាន។ លើសពីនេះ ថ្នាក់ដឹកនាំបរទេសមួយរូបទៀតក៏បានជិះរ៉ឺម៉កកង់បីធ្វើដំណើរទៅកាន់ភូមិហ្វ្រង់កូហ្វូនី ខណៈដែលភ្ញៀវអន្តរជាតិជាច្រើនបានគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងភ្លក់ម្ហូបក្នុងស្រុកដោយផ្ទាល់។
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ភូមិហ្វ្រង់កូហ្វូនីនៅសួនច្បារវត្តបទុមបានក្លាយជាទីតាំងទាក់ទាញដ៏មានប្រជាប្រិយភាពបំផុតមួយ។ នៅទីនោះ ស្តង់ពិព័រណ៍មកពីបណ្តាប្រទេសផ្សេងៗបានតាំងបង្ហាញម្ហូបអាហារអន្តរជាតិ តន្ត្រី និងរបាំប្រពៃណី ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា និងក្រុមគ្រួសារនាំកូនៗមកទស្សនា ភ្លក់រសជាតិម្ហូបបរទេស និងជជែកស្វែងយល់ពីវប្បធម៌ចម្រុះដោយផ្ទាល់។ អ្នកតាំងពិព័រណ៍បរទេសជាច្រើនបានសម្តែងការភ្ញាក់ផ្អើល និងរីករាយចំពោះការចាប់អារម្មណ៍យ៉ាងផុលផុសពីសំណាក់អ្នកទស្សនាកម្ពុជា។
ក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏បានបង្ហាញអត្តសញ្ញាណវប្បធម៌របស់ខ្លួនទៅកាន់ពិភពលោកតាមរយៈរបាំប្រពៃណី តន្ត្រី និងសិប្បកម្មខ្មែរ ព្រមទាំងការសម្តែងសិល្បៈរួមគ្នាលើឆាកតែមួយរវាងសិល្បករខ្មែរ និងអន្តរជាតិ។ សម្រាប់ភ្ញៀវបរទេសជាច្រើនដែលមកទស្សនាកម្ពុជាជាលើកដំបូង ភាពរួសរាយរាក់ទាក់ ស្នាមញញឹម និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា បានក្លាយជាចំណុចទាក់ទាញដ៏ពិសេស ដែលនឹងជំរុញឱ្យពួកគេត្រឡប់មកទស្សនាកម្ពុជាជាថ្មីម្តងទៀត។
ក្រៅពីវិស័យការទូត និងវប្បធម៌ ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលបានពង្រីកវិសាលភាពទៅកាន់វិស័យបច្ចេកវិទ្យា ការវិនិយោគ និងធុរកិច្ចផងដែរ។ កម្ពុជាបានរៀបចំវេទិកាវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនីអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ ព្រឹត្តិការណ៍ FrancoTech 2026 និងជំនួបសហគ្រិនហ្វ្រង់កូហ្វូនី លើកទី៦ ដែលបានប្រមូលផ្តុំតំណាងធុរកិច្ច អ្នកជំនាញបច្ចេកវិទ្យា និងអ្នកស្រាវជ្រាវ ដើម្បីពិភាក្សាអំពីបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល និងការវិនិយោគ។ វេទិកាទាំងនេះបានបើកឱកាសឱ្យក្រុមហ៊ុនកម្ពុជាភ្ជាប់ទំនាក់ទំនងជាមួយដៃគូមកពីអឺរ៉ុប អាហ្វ្រិក និងតំបន់ផ្សេងៗទៀត ដើម្បីពង្រីកទីផ្សារ ខណៈដែលវិនិយោគិនបរទេសក៏ទទួលបានឱកាសស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។
តាមរយៈព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ពិភពលោកហាក់មិននៅឆ្ងាយពីកម្ពុជាឡើយ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បាននាំកម្ពុជាឱ្យកាន់តែខិតជិតសហគមន៍អន្តរជាតិ និងបានបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជាដែលពោរពេញដោយសក្តានុពល ភាពបើកចំហ និងមិត្តភាពសម្រាប់ពិភពលោកទាំងមូល៕
