សាសនិកសាសនានានានៅឥណ្ឌារួបរួមគ្នាស្វែងយល់ពីទស្សនៈសាសនាលើការទទួលខុសត្រូវចំពោះបរិស្ថាន

តំណាងមកពីសាសនាហិណ្ឌូ អ៊ីស្លាម និងគ្រិស្តសាសនា នៅរដ្ឋ ហ្គោអា (Goa) ដែលជារដ្ឋតូចមួយនៅភាគខាងលិចឥណ្ឌា បានពិភាក្សាស្វែងយល់អំពីរបៀបដែលប្រពៃណីសាសនារបស់ពួកគេតាមសហគមន៍យល់ឃើញអំពីការបង្កើតលោក និងការទទួលខុសត្រូវចំពោះបរិស្ថាន នៅក្នុងកិច្ចសន្ទនារវាងសាសនានានា ដែលរៀបចំឡើងនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។

កិច្ចសន្ទនាអន្តរសាសនានេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទ្រឹស្ដីសាសនាអំពីការបង្កើតលោក ការថែរក្សា និងការទទួលខុសត្រូវរបស់មនុស្សជាតិ»។ កិច្ចសន្ទនានេះបានប្រមូលផ្តុំតំណាងមកពីសាសនាទាំងបី ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងមនុស្សជាតិ និងធម្មជាតិ ព្រមទាំងការទទួលខុសត្រូវរួមគ្នាក្នុងការការពារបរិស្ថាន។

ក្នុងនាមជាអ្នកបង្ហាញទស្សនៈសាសនាហិណ្ឌូ សាស្ត្រាចារ្យ សាទីស ស៊ូយ៉ាកាន ហ្គោដ (Satish Suryakant Gaude) បានលើកឡើងថា មនុស្សជាតិមិនអាចបំបែកចេញពីការបង្កើតលោក ដែលមាន ទឹក ដី ភ្លើង ខ្យល់ និងលំហ បានឡើយ ហើយចាំបាច់ត្រូវការពារធម្មជាតិ ជាជាងពឹងផ្អែកទាំងស្រុងលើដំណោះស្រាយតាមរយៈបច្ចេកវិទ្យា។

លោកបានសង្កត់ធ្ងន់ថា តាមប្រពៃណីហិណ្ឌូដែលទាក់ទងនឹងព្រះព្រហ្ម និងព្រះវិស្ណុ មានគោលការណ៍បំពេញបន្ថែមគ្នាទៅវិញទៅមករវាង «ការបង្កើត» និង «ការថែរក្សា»។

ចំណែកឯសាស្ត្រាចារ្យ ហាហ្វីស អាប៊ុល កាឡាម ខាន់ (Hafeez Abul Kalam Khan) តំណាងឱ្យមូស្លីម បានពន្យល់ថា ផែនដីគឺជាកម្មសិទ្ធិរបស់ព្រះអាឡា ហើយមនុស្សជាតិត្រូវបានប្រគល់ភារកិច្ចឱ្យជួយថែរក្សាផែនដី។ លោកបានចង្អុលបង្ហាញថា ការបំពុលបរិស្ថាន ការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់ធនធានដោយមិនយកចិត្តទុកដាក់ គឺជាបញ្ហាដែលទាមទារឱ្យមានកិច្ចសហការរួមគ្នា រួមទាំងការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដូចជាការសន្សំសំចៃទឹកជាដើម។

តាមទស្សនៈគ្រិស្តសាសនា លោកបូជាចារ្យ ម៉ាទេអ៊ូស ហ្វឺណាន់ដេស (Mateus Fernandes) បានពណ៌នាអំពីការបង្កើតពិភពលោក និងធម្មជាតិ ថាជាអំណោយរបស់ព្រះជាម្ចាស់ ដែលបានប្រគល់ជូនមនុស្សជាតិដើម្បីថែរក្សាដោយការទទួលខុសត្រូវ។

លោកក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងជីវិតមនុស្ស និងបរិស្ថានធម្មជាតិ ដោយកត់សម្គាល់ថា ការបំផ្លិចបំផ្លាញបរិស្ថានបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរជាពិសេសទៅលើសហគមន៍ក្រីក្រ និងក្រុមមនុស្សដែលងាយរងគ្រោះ។

Daily Program

Livesteam thumbnail
khmer popup image