រុស្ស៊ីអះអាងថាបានវាយប្រហារ​ទាហានស៊ីឈ្នួលបារាំងនៅខាឃីវ

ទីក្រុងមូស្គូ បានអះអាងកាលពីថ្ងៃទី១៧ ខែមករា អំពីការវាយប្រហារ​ដែលធ្វើឡើងលើអគារ​មួយ ​ដែលជាជម្រករបស់ទាហានស៊ីឈ្នួលបារាំង​នៅទីក្រុងខាឃីវ ទីក្រុងទី២ របស់អ៊ុយក្រែន ដែលអាជ្ញាធរតំបន់បានប្រាប់ឲ្យដឹងថា មាន ជនស៊ីវិល ១៧នាក់ រងរបួស។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា នៅល្ងាចថ្ងៃទី១៦ ខែមករា កងកម្លាំងយោធារុស្ស៊ី បានធ្វើការវាយប្រហារ​ចំគោលដៅ​លើចំនុច​នៃការដាក់ពង្រាយកម្លាំង​បណ្តោះអាសន្ន​នៃអ្នក​ប្រយុទ្ធ​បរទេស នៅទីក្រុងខាឃីវ ដែល​សំខាន់​គឺមានទាហានស៊ីឈ្នួលបារាំង។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាមាន មនុស្សច្រើនជាង ៦០នាក់ស្លាប់ និង ២០នាក់ រង​​របួស​នៅក្នុងការវាយប្រហារនេះ ដែលបានបំផ្លាញអគារទាំងស្រុង ដែលជាទីតាំងរបស់​ទាហាន​ស៊ីឈ្នួល។ ការអះអាងដែលមិនអាចផ្ទៀងផ្ទាត់បានពីប្រភពឯករាជ្យមកដល់ពេលនេះ។ ការអះអាង​អំពី​ការ​វាយប្រហារនេះដោយទីក្រុងមូស្គូ កើតឡើងបន្ទាប់ពីមានការប្រកាស​របស់​ប្រធានាធិបតី បារាំង អេម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃអង្គារថា ប្រទេសបារាំងនឹងផ្គត់ផ្គង់ដល់ទីក្រុងគៀវ នូវមីស៊ីល Scalp រយៈចម្ងាយឆ្ងាយ ៤០ដើមបន្ថែម និងចុះហត្ថលេខាលើ​សន្តិសុខជាមួយ​អ៊ុយក្រែន ដែល​នឹងប្រកាសនៅអំឡុងទស្សនកិច្ចរបស់លោក​នៅអ៊ុយក្រែន​ដែលត្រៀមធ្វើ​ឡើង​​នៅខែកុម្ភៈខាងមុខ។

អាជ្ញាធរទីក្រុងខាឃីវ កាលពីថ្ងៃអង្គារ បានរាយការណ៍ថា មានការវាយប្រហាររបស់រុស្ស៊ី​ដោយ​ប្រើ​​ប្រាស់​មីស៊ីល ពីដីទៅអាកាស S-300 ទៅលើទីក្រុងនៅភាគខាងឥសាន ជិតព្រំដែន​រុស្ស៊ី។ ការវាយប្រហារនេះ បានបំផ្លាញអគាររស់នៅជាច្រើន និងធ្វើឲ្យរងរបួសដល់ជនស៊ីវិល​យ៉ាង​ហោច​​ណាស់ ១៧នាក់ ដែលរួមមានស្ត្រី ២នាក់ ដែលស្ថិតនៅក្នុងការរងរបួសធ្ងន់ធ្ងរ។

តំបន់ខាឃីវ ដែលបានគ្រប់គ្រងមួយចំណែកដោយរុស្ស៊ីនៅឆ្នាំ២០២២ ជាញឹកញាប់ត្រូវរង​ការ​វាយ​ប្រហារ ហើយអាជ្ញាធរភ័យខ្លាចថា នឹងមានការវាយប្រហារ​នៅពេលខាងមុខ​នៅក្នុង​តំបន់នេះ ដែលអាជ្ញាធរបានបញ្ជាឲ្យមានការជម្លៀស ភូមិចំនួន ២៦។

ដោយមានវត្តមាននៅទីក្រុង ដាវ៉ូស នៅប្រទេសស្វីស សម្រាប់សន្និសីទសេដ្ឋកិច្ចពិភពលោក ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី និងរដ្ឋមន្រ្តីកិច្ចការបរទេសអ៊ុយក្រែន លោក​ឌីមីត្រូ គូឡឺបា បានដាក់គោលដៅសម្រាប់ឆ្នាំនេះ គឺការធ្វើជាម្ចាស់លើអាកាស ដើម្បី​ប្រឆាំង​នឹងយន្តហោះ មីស៊ីល និងដ្រូនរបស់រុស្ស៊ី​ដែលមកបំផ្លិចបំផ្លាញ។

ការអំពាវនាវនេះកើតមានឡើង​នៅខណៈដែលអាម៉េរិក និងអឺរ៉ុប ផ្លាស់ប្តូរជារឿយៗ នូវការគាំ​ទ្រ​​សម្រាប់ទីក្រុងគៀវ។ អ៊ុយក្រែនភ័យខ្លាចថា ការញញើតញញើមនេះអាចធ្វើឲ្យ​សង្រ្គាមនៅ​រ៉ាំរ៉ៃ ដែលជាការអនុគ្រោះដល់រុស្ស៊ី ដែលបានកំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែនជិត ២០%។

កាលពីថ្ងៃពុធ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសង្កត់ធ្ងន់ ថា រាល់ការយឺតយ៉ាវនក្នុងការផ្តល់​ជំនួយ​​សម្រាប់​អ៊ុយក្រែន នឹងធ្វើឲ្យមានគ្រោះថ្នាក់​សម្រាប់សន្តិសុខនៃទ្វីបអឺរ៉ុប។ លោកបន្តថា ខ្វះ​ខាត​ជំនួយ យើងនឹងខ្វះខាតកាំភ្លើងធំច្រើនបំផុត។ យើងក៏មានការថយចុះយ៉ាង​ឆាប់​រហ័ស​នូវ​មីស៊ីល​​ការពារអាកាស។ នេះមានន័យថា យើងមិនស្ថិតនៅក្នុងស្ថានភាព​ដែលអាចវាយរុញ​ច្រាន​​ការ​វាយប្រហារនោះទេ។ ដូច្នេះ លោកហ្សេឡេនស្គី ប្រមើលមើលអំពី​អនាគត​នៃ​សង្រ្គាម​ដែល​អាចកើតឡើងរវាងអង្គការណាតូ និងរុស្ស៊ី។

អ៊ុយក្រែនត្រូវបានវាយប្រហារស្ទើតែជារៀងរាល់យប់ដោយដ្រូនវាយប្រហារ និងមីស៊ីល​របស់​រុស្ស៊ី ដែលបាញ់ចេញពីដី សមុទ្រ និងអាកាស។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា បានវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ នូវដ្រូនចំនួន ១៩​គ្រឿង ក្នុងចំណោម ដ្រូន ២០គ្រឿង ដែលរុស្ស៊ីវាយប្រហារ មានជាអាទិ៍ នៅតំបន់ដូដឺសា ដែល​ជាតំបន់កំពង់ផែដ៏ធំរបស់អ៊ុយក្រែននៅភាគខាងត្បូង ក៏ទទួលរងការវាយ​ប្រហារពី​មីស៊ីល​របស់រុស្ស៊ីផងដែរ ហើយមនុស្ស ៣នាក់ បានរងរបួស។

Daily Program

Livesteam thumbnail