គ្រោះអគ្គីភ័យមាន២២ករណី ក្នុង៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

រូបភាពឯកសារ ពី​នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

មន្រ្តីអ្នកនាំពាក្យនៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ឱ្យដឹងថា ករណីគ្រោះអគ្គិភ័យបាន​កើតឡើងទូទាំងប្រទេស​នៅក្នុង​អំឡុងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​រយៈពេល​៤ថ្ងៃកន្លងទៅនេះ មា​នចំនួន ២២ករណី ក្នុងនោះបណ្តាលឱ្យ​ឆេះ​ផ្ទះ ១៦ខ្នង, ឃ្លាំង ២, រោង ១, កាស៊ីណូ ១ និង​ចំការ ១។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​ឱ្យដឹងថា នៅថ្ងៃទី​១៣ ខែមេសា ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ មានគ្រោះអគ្គិភ័យចំនួន​៦​ករណី​ ឆេះផ្ទះចំនួន​៤ខ្នង និង​ឃ្លាំងចំនួន​១។ ចំណែក​ថ្ងៃទី​១៤ ខែមេសាដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន​៧ករណី ដែលធ្វើឱ្យឆេះផ្ទះចំនួន​៤ខ្នង រោង១ និង​កាស៊ីណូមួយ។

លោក ទូច សុខៈ បានបន្តថា ថ្ងៃទី​៣នៃពិធីបុណ្យចូលឆ្នាំដែលត្រូវនឹងថ្ងៃទី​១៥ ខែមេសា មានគ្រោះអគ្គិភ័យកើតឡើងចំនួន​៣ករណី ដែលបណ្តាលឱ្យឆេះផ្ទះចំនួន​៣ខ្នង។ រីឯថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ​ខ្មែរ គឺថ្ងៃទី​១៦ ខែមេសា មានករណីអគ្គិភ័យចំនួន​៦ករណី ​បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន​៥ខ្នង ឃ្លាំង១ និង​ចំការមួយ។

លោកបាន​ថ្លែងថា ៖ «យើងឃើញថា​ទោះបីជាអាកាសធាតុក្តៅខ្លាំងយ៉ាងណាក៏ដោយ ករណីគ្រោះអគ្គិភ័យនេះ គឺកើតឡើងមិនគួរឱ្យកត់សម្គាល់ មិនគួរឱ្យព្រួយបារម្ភហួស​ ពីអ្វីដែល​យើង​គ្រប់គ្រងបានឡើយ គឺយើងគ្រប់គ្រងបាន ហើយចំនួន​នេះក៏​មិនច្រើនដែរ​»។

អ្នកនាំពាក្យរងដដែលរូបនេះ បានបន្តថា ទាំងនេះសបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋ​បានឈ្វេងយល់ពីការគ្រប់គ្រង ការបង្ការគ្រោះអគ្គិភ័យ ពោលគឺសម្តែងនូវ​ការប្រុងប្រយ័ត្ន​ និង​ទប់ស្កាត់ទាំងអស់គ្នាបានយ៉ាងល្អប្រសើរ​។

ចំណែក​មន្រ្តីសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យក៏បានពង្រាយនូវកម្លាំងជំនាញ មានផែនការគត់ម៉ត់ និង​អនុវត្ត​ទៅតាមផែនការនៅពេលដែលមាន​គ្រោះអគ្គិភ័យកើតឡើង ចូលទៅអន្តរាគមន៍ទាន់ពេល​ ទាន់វេលាគួរឱ្យកត់សម្គាល់ និង​គួរឱ្យកោតសរសើរទៅលើការងារ​ប្រកបដោយ​ការទទួលខុសត្រូវ៕