របត់ប្រវត្តិសាស្ត្រស៊ីរី ៖ ពី «រដ្ឋគាំទ្រភេរវកម្ម» មកជាដៃគូសេដ្ឋកិច្ច និងសន្តិសុខ ពិភពលោក
ការប្រកាសជាផ្លូវការរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ក្នុងការដកប្រទេស ស៊ីរីចេញពីបញ្ជី «រដ្ឋគាំទ្រភេរវកម្ម» ដែលស៊ីរីបានជាប់ឈ្មោះអស់រយៈពេលជិតកន្លះសតវត្សរ៍ (៤៧ឆ្នាំ) មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជារបត់នយោបាយ និងសេដ្ឋកិច្ចដ៏ធំបំផុតសម្រាប់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការដួលរលំនៃរបបបាស្ហ៉ារ អាល់ អាសាដ កាលពីខែធ្នូ ឆ្នាំ២០២៤។
ការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលុបស៊ីរី និងក្រុម ហាយ៉ាត តារៀ អាល់ស្ហ៉ាម (Hayat Tahrir al-Sham- ឬ ក្រុម HTS) ចេញពីបញ្ជីខ្មៅអង្គភាពភេរវកម្ម បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបថយ៉ាងច្បាស់របស់ក្រុងវ៉ាស៊ីនតោន។ ក្រុម HTS ដែលធ្លាប់ជាមែកធាងរបស់អាល់កៃដា បានផ្តាច់ខ្លួនពីអង្គការនេះតាំងពីឆ្នាំ២០១៦ ហើយធ្លាប់ត្រូវដឹកនាំដោយលោកប្រធានាធិបតីស៊ីរីថ្មី អាដម៉េដ អាល់ ចារ៉ា (Ahmed al-Sharaa) ដែលក្រោយមកលោកបានប្រកាសរំលាយក្រុមប្រដាប់អាវុធទាំងអស់ ដើម្បីកសាងរដ្ឋថ្មី។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកម៉ាកកូ រូប៊ីយ៉ូ (Marco Rubio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កុត បេសសេន (Scott Bessent) បានគូសបញ្ជាក់ដូចគ្នាថា វិធានការនេះគឺជាការបើកផ្លូវ និងផ្តល់ឱកាសឱ្យជនជាតិស៊ីរីទទួលបាននូវស្ថិរភាពនយោបាយ និងភាពរុងរឿង។ ចំណែកបេសកជនពិសេសអាម៉េរិក ប្រចាំនៅស៊ីរី លោក ថម បារ៉ាក (Tom Barrack) បានចាត់ទុកព្រឹត្តិការណ៍នេះថាជាការផ្លាស់ប្តូរពី «ភាគីឯកោ» មកជា «ដៃគូសកម្មប្រយុទ្ធប្រឆាំងភេរវកម្ម»។
ការដកទណ្ឌកម្មចុងក្រោយនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ រួមមានប្រមុខការទូតស៊ីរី លោក អាសាដ អាល់ ចៃបានី រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកម៉ូហាម៉េដ បាកនីញ៉េ និងអភិបាលធនាគារកណ្តាលស៊ីរី បានស្វាគមន៍យ៉ាងកក់ក្តៅ និងចាត់ទុកជា «ជ័យជម្នះប្រវត្តិសាស្ត្រ»។
ការលុបឈ្មោះស៊ីរីចេញពីបញ្ជីខ្មៅ នឹងអនុញ្ញាតឱ្យវិស័យឯកជនបរទេស ក្រុមហ៊ុនបច្ចេកវិទ្យា និងធនាគារអន្តរជាតិ អាចចូលធ្វើប្រតិបត្តិការនៅស៊ីរីដោយឥតព្រួយបារម្ភពីទណ្ឌកម្មបន្ត។ ស៊ីរីអាចភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយប្រព័ន្ធធនាគារសកល ដើម្បីគាំទ្រការស្ថាបនាប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏មហាវិនាសកម្ម។ វិធានការរបស់អាមេរិក បានធ្វើឡើងបន្តបន្ទាប់ពីប្រទេសកាណាដា អង់គ្លេស និងសហភាពអឺរ៉ុប ដែលបានលើកលែងទណ្ឌកម្មស៊ីរី តាំងពី ឧសភា ២០២៥។
ជាមួយនិងលក្ខន្តិកៈថ្មីនេះ ស៊ីរីអាចជួបទាំងឱកាស និងបញ្ហាប្រឈមនៅពេលខាងមុខ។ការស៊ូទ្រាំក្រោមទណ្ឌកម្ម និងភាពឯកោអស់រយៈពេល ៤៧ឆ្នាំ បានបន្សល់ទុកនូវហេដ្ឋារចនាសម្ព័ន្ធបាក់បែក និងសេដ្ឋកិច្ចទន់ខ្សោយបំផុតសម្រាប់ស៊ីរី។ ការដកចេញពីបញ្ជីភេរវកម្ម គឺជា «លិខិតឆ្លងដែន» ដ៏សំខាន់មួយ ប៉ុន្តែភាពជោគជ័យជាក់ស្តែង គឺអាស្រ័យលើ ទី១ សមត្ថភាពនៃការកែទម្រង់ផ្ទៃក្នុង។ រដ្ឋាភិបាលថ្មីរបស់លោក អាល់ ចារ៉ា ត្រូវបង្ហាញឱ្យឃើញនូវតម្លាភាព សន្តិសុខ និងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុដែលមានទំនុកចិត្តខ្ពស់។ ទី២ គឺការរក្សាស្ថិរភាពនយោបាយ។ ការរំលាយក្រុមប្រដាប់អាវុធទាំងអស់ត្រូវតែធ្វើឡើងដោយរលូន ដើម្បីជៀសវាងការលេចឡើងវិញនូវក្រុមជ្រុលនិយម។
ជារួម ព្រឹត្តិការណ៍ទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មលើស៊ីរីនាពេលនេះ មិនត្រឹមតែជាការបើក ទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រជាជនស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាណទិសដៅថ្មីមួយ នៃភូមិ សាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលផ្លាស់ប្តូរពីជម្លោះប្រដាប់អាវុធ ទៅជាការស្តារសេដ្ឋកិច្ច និងសន្តិសុខរួម។
