រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ចំនួន ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអនុវត្តការងារក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤, រថយន្ត ចំនួន ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះ រថយន្តដែលបានពិន័យមានចំនួន ២ ០៥០ គ្រឿង ដែលមានការថយចុះ ១០% ប្រសិនបើប្រៀបធៀបទៅនឹងចំនួនរថយន្តនៅក្នុងឆ្នាំ២០២៣ ដែលបានពិន័យចំនួន ២ ២៤៧ គ្រឿង។
របាយការណ៍បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទូទាំងប្រទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ កាលពីចុងសប្តាហ៍មុននេះ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ក្នុងឆ្នាំ២០២៤ និងពិភាក្សាលើចំណុចខ្វះខាត បញ្ហាប្រឈម និងរកដំណោះស្រាយដែលជាយន្តការដើម្បីពង្រឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ថែមទៀត។
លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានណែនាំដល់មន្រ្តីនៅតាមស្ថានីយត្រូវពង្រឹងសាមគ្គីភាពគ្នាក្នុងស្ថានីយ៍ គោរពវិន័យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ត្រូវមានវត្តមានជាប្រចាំនៅស្ថានីយ ត្រូវរៀបចំសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកធ្ងន់ៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកថា ៖ «ត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការជាបន្ទាន់ និងត្រូវសហការឱ្យបានល្អជាមួយក្រុមចល័តក្រសួង ព្រមទាំងស្ថានីយទាំងអស់ ជាពិសេសការឆ្លើយតបជាមួយអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ដែលតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់»៕