រដ្ឋមន្រ្តីការបរទេសអាមេរិកជំរុញឱ្យអ៊ីស្រាអែលយកចិត្តទុកដាក់លើ កិច្ចព្រមព្រៀងសន្តិភាព
នៅថ្ងៃទីបីនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា អ្នកការទូតកំពូលរបស់អាមេរិកគឺលោក អេនតូនី ប្លិនឃិន (Anthony Blinken )បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណាតាន់យ៉ាហ៊ូ ( Benjamin Netanyahu ) នៅទីក្រុង ជេរូសាឡឹម ( Jerusalem)។
នៅក្នុងជំនួបរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្នើ មេដឹកនាំអ៊ីស្រាអែល ក្នុងការជំរុញឲ្យមាន កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ថ្លែងនៅក្នុងទីក្រុងហ្សេរុយសាឡឹម លោក បានទទូចថា ពេលវេលាគឺឥឡូវនេះ សម្រាប់កិច្ចព្រមព្រៀងមួយដែលនឹងដោះលែងចំណាប់ខ្មាំង និងនាំមកនូវការផ្អាកសង្គ្រាមដែលកំពុងបន្តនៅហ្គាហ្សា។
ថ្លែងទៅកាន់សាច់ញាតិរបស់ចំណាប់ខ្មាំងបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ីស្រាអែល លោកបាននិយាយថា ទំនួលខុសត្រូវគឺច្បាស់ណាស់លើក្រុមហាម៉ាស។
ខណៈពេលដែលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះនៅមិនទាន់ដឹងនៅឡើយ វាត្រូវបានគេយល់ថា ក្រុមហាម៉ាសអាចនឹងដោះលែង ចំណាប់ខ្មាំង ៣៣ នាក់ ហើយអ៊ីស្រាអែលអាចនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនមួយចំនួន រួមទាំងការផ្អាកក្នុងការប្រយុទ្ធរយៈពេលសែសិបថ្ងៃ។
អស់រយៈពេលជាច្រើនខែមកហើយ ដែលអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានជំរុញការចរចាកិច្ចព្រមព្រៀងថ្មីរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង៕