រដ្ឋមន្ត្រីក្រសួង​ការងារ ណែនាំឱ្យ​អនុវត្តវិធាន​ការ​បន្ទាន់តាមរោងចក្រ ក្នុង​អំឡុងពេលអាកាសធាតុក្តៅ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួ​ងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចេញសេចក្តីណែនាំ​នៅថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៤​ ស្តីពី​វិធានការអនុវត្ត​ជាបន្ទាន់​នៅតាមរោងចក្រ សហគ្រាស នៅក្នុង​អំឡុងពេលអាកាសធាតុក្តៅ។

លោកបាន​លើកឡើងតាមរយៈសេចក្តីណែនាំថា ដោយសារអាកាសធាតុក្តៅ ក្រសួងការងារ បានចេញការណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម៖​

១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។

២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។

៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។

៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។

៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។

លោក ហេង សួរ បានបញ្ជាក់ថា ក្រសួង​សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់នឹងចូលរួមអនុវត្ត​តាមសេចក្តីណែនាំនេះ​ឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុង​ស្មារតីទទួលខុសត្រូវខ្ពស់៕

Daily Program

Livesteam thumbnail