រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចពិភាក្សា រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តសៀមរាប
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចពិភាក្សាទេសចរណ៍ «រដូវកាលបៃតង ឆ្នាំ២០២៦» ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង» នៅខេត្តសៀមរាប ដែលជាវេទិកាមួយក្នុងគោលបំណងលើកកម្ពស់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងផ្សព្វផ្សាយព្រះរាជាណាចក្រកម្ពុជាជាគោលដៅទេសចរណ៍ដែលអាចទស្សនាបានពេញមួយឆ្នាំ។
កិច្ចពិភាក្សាទេសចរណ៍នេះ គឺជាវេទិកាដ៏ទាក់ទាញមួយដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ រួមទាំងការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា និងការលើកទឹកចិត្តឱ្យមានស្មារតីស្នេហាជាតិ និងស្រឡាញ់មាតុភូមិ។
កម្មវិធីនេះក៏ជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងធនធានធម្មជាតិ ស្របតាមចក្ខុវិស័យ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ដើម្បីស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះ កម្មវិធីនេះបានរួមចំណែកលើកកម្ពស់រូបភាពរបស់កម្ពុជា និងបង្ហាញដល់ពិភពលោកថា ប្រទេសនេះគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព ស្វាគមន៍ និងរាក់ទាក់ ដោយផ្តល់នូវភាពកក់ក្តៅ បដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ និងបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ថ្មីៗនេះ កម្ពុជាបានបង្ហាញពីសមត្ថភាព និងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃសន្និសីទពិភពលោកលើកទី៣៩ នៃសមាគមមគ្គុទ្ទេសក៍ស្រី និងកាយប្ញទ្ធិស្រីពិភពលោក (WAGGGS) និងការជួបជុំប្រចាំឆ្នាំលើកទី៤២ នៃសមាគម Olave Baden-Powell Society (OB-PS) នៅខេត្តសៀមរាប ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់បន្ថែមទៀតថា ក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានទាក់ទាញប្រតិភូមកពីជាង ១០០ ប្រទេស និងតំណាងសមាគមជាសមាជិកចំនួន ១៥៣ ជុំវិញពិភពលោក។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា កម្មវិធីកិច្ចពិភាក្សាទេសចរណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងជាច្រើនលើករួចមកហើយនៅវិថីថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រ និងការចូលរួមយ៉ាងច្រើនកុះករពីសាធារណជន និងភ្ញៀវអន្តរជាតិ។ ឆ្នាំនេះ កម្មវិធីនេះកាន់តែមានសារៈសំខាន់ថែមទៀត ដោយសារវាត្រូវបានរៀបចំឡើងជាពិសេសជាផ្នែកមួយនៃយុទ្ធនាការ «រដូវកាលបៃតង ឆ្នាំ២០២៦» ដោយចាប់ផ្តើមនៅខេត្តសៀមរាប មុននឹងបន្តទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀតនៅតំបន់ឆ្នេរ និងតំបន់ភូមិភាគឥសាន ហើយចុងក្រោយនឹងបញ្ចប់នៅរាជធានីភ្នំពេញ ជាមួយនឹងប្រធានបទដែលតម្រូវទៅតាមសក្តានុពលទេសចរណ៍ប្លែកៗនៃគោលដៅនីមួយៗ។
លោករដ្ឋមន្ត្រីបានថ្លែងថា កម្មវិធីនេះបានក្លាយជាកាតាលីករដ៏សំខាន់ក្នុងការផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍រដូវកាលបៃតងរបស់កម្ពុជា ដែលជាគំនិតផ្តួចផ្តើមគាំទ្រដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំនួសពាក្យ «Low Season» (រដូវធ្លាក់ភ្ញៀវ) មកជា «រដូវកាលបៃតង» (Green Season) ក្នុងអំឡុងពេលពីខែឧសភា ដល់ខែតុលា។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់កម្លាំងរុញច្រានជាថ្មីសម្រាប់ការបន្តយុទ្ធនាការរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ ដែលត្រូវបានប្រកាសបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរពី «Low Season» មកជា «រដូវកាលបៃតង» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរបរិភាសាប៉ុណ្ណោះទេ ប៉ុន្តែវាតំណាងឱ្យការផ្លាស់ប្តូរផ្នត់គំនិត និងយុទ្ធសាស្ត្រជាតិដែលមើលទៅថ្ងៃអនាគត។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវសម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ នៅទូទាំងប្រទេស ទេសភាពពណ៌បៃតងខ្ចីរីកស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធពាសពេញបរិយាកាស និងទេសភាពដ៏ស្រស់ត្រកាល បង្កើតបានជាបទពិសោធន៍ដ៏កម្រ និងមានន័យសម្រាប់ភ្ញៀវទេសចរ។