រដ្ឋមន្ដ្រីមហាផ្ទៃ ប្រព័ន្ធ CBMS-2 នឹងពង្រឹង នៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា-ជំនាន់ទី២ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកប្រព័ន្ធថ្មី នេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ប្រព័ន្ធ CBMS-2 នេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា»។

ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២ នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និង ពង្រឹងសន្តិសុខជាតិ តាមរយៈបរិវត្តកម្មឌីជីថល ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៃរាជរដ្ឋាភិបាលនីតិកាលទី៧។

បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាព ប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅប្រើប្រាស់ ដោយខុសច្បាប់៕

Daily Program

Livesteam thumbnail