រដ្ឋបាលរាជធានីភ្នំពេញ ប្រកាស​ពីការ​បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន​ក្នុង​ពិធី​បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ​ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ចេញ​សេចក្តីប្រកាស​ នាថ្ងៃទី​១៦ ខែឧសភា នេះថា ​​​គណៈ​កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាកា​រឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី។

មី​ទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹង​មានការ​ជួបជុំគ្នា​នៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូត៏លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០ ០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់តាមរយៈសេចក្តីប្រកាសនេះថា ៖ «​យុទ្ធនាការ​នឹង​ធ្វើការ​ដង្ហែក្បួ​នចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងអំឡុងពេល នៃកា​រជួបជុំធ្វើមីទ្ទីង​បើកយុទ្ធនាការឃោសនានេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោ​បាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែល​ចូលរួម ដូចនេះសូមបងប្អូន​ដែលពុំមានកា​រងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើ​តឡើង»​។

លោកអភិបាល សង្ឃឹមជឿជាក់ថា​ប្រជាពលរដ្ឋទាំងអស់នឹង​មានការ​យោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែក្បួនបើមិនមានកា​រចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមបញ្ជាក់ថា ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី ​៤ នឹងធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ​ឆ្នាំ​២០២៤​ ខាង​មុខ​ ដែល​ជា​ការ​បោះ​ឆ្នោត​អសកល​មួយ៕​

Daily Program

Livesteam thumbnail