យុវតីឆ្នើមរបស់កម្ពុជាមួយរូប នាំសំឡេងសហគមន៍ ខ្លួនទៅកាន់ អង្គការសហប្រជាជាតិ
ដោយសារតែនាងធំដឹងក្តីនៅក្នុងសហគមន៍ ជាយក្រុងមួយ ដែលធ្លាប់តែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវ អំពើហិង្សាក្នុងគ្រួសារ និង កុមារបោះបង់ការសិក្សា យុវតី រីម៉ា តែងតែមានបំណងប្រាថ្នាចង់ក្លាយជាផ្នែកមួយដើម្បីដោះស្រាយបញ្ហាទាំងនេះជូនសហគន៍ខ្លួន។
អង្គការ WorldVision បានឱ្យដឹងថា បន្ទាប់ពីបានចូលរួមជាមួយអង្គការទស្សនៈពិភពលោក នៅអាយុ ១៥ឆ្នាំ យុវតី រីម៉ា និងក្រុមយុវជនបានរៀនពីរបៀបស្វែងយល់ពីបញ្ហាក្នុងសហគមន៍ និងការចុះអនុវត្តផ្ទាល់។ ពួកគេបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ ការទប់ស្កាត់អំពើហិង្សា ការចិញ្ចឹមកូនដោយវិធីវិជ្ជមាន និងការការពារបរិស្ថាន។
បទពិសោធន៍ទាំងនេះ បានបើកឱកាសថ្មីៗជាច្រើនសម្រាប់រូប យុវតី រីម៉ា រួមទាំងការបានចូលរួមកិច្ចប្រជុំស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅ អង្គការសហប្រជាជាតិ ផងដែរ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ រីម៉ា បានបង្ហាញក្តីស្រមៃក្នុងការបង្កើតសហគ្រាសមួយ ដើម្បីគាំទ្រដល់កសិករខ្មែរ និងបង្កើតឱកាសការងារសម្រាប់ប្រជាជននៅក្នុងសហគមន៍របស់នាងផង៕