យុវជនកាតូលិកម៉ាឡេស៊ីមួយក្រុមប្រមូលផ្តុំគ្នារិះគិតអំពីសកម្មភាពនៅក្នុងសហគមន៍
យុវជនកាតូលិកសរុបចំនួន ៨៨២ នាក់ មកពីព្រះសហគមន៍ចំនួន ១៤ ក្នុងភូមិភាគមីរី (Miri) បានជួបជុំគ្នាដើម្បីអបអរសាទរទិវាយុវជនភូមិភាគ ឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងពង្រឹងមិត្តភាព និងជំនឿ តាមរយៈការអធិស្ឋាន ការបណ្តុះបណ្តាល និងសកម្មភាពសហគមន៍រយៈពេលបួនថ្ងៃ។
ភូមិភាគមីរី គឺជាទីក្រុងមួយស្ថិតនៅភាគខាងជើងរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងពីររបស់ប្រទេសម៉ាឡេស៊ីនៅលើកោះបរណេអូ (Borneo)។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ចូរមានចិត្តក្លាហាន ខ្ញុំបានឈ្នះពិភពលោកហើយ»។ ការជួបជុំនេះបានលើកទឹកចិត្តយុវជនឱ្យពង្រឹងទំនាក់ទំនងជាមួយព្រះគ្រីស្ត ស្វែងយល់ពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងបង្កើនការប្តេជ្ញាចិត្តចំពោះព្រះសហគមន៍។
នាឱកាសនោះ យុវជនបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដោយចាប់ផ្តើមឡើងជាមួយពិធីថ្វាយអភិបូជាដែលដឹកនាំដោយលោកបូជាចារ្យ ស៊ីលវេស្ទ័រ ង៉ោ (Sylvester Ngau)។ លោកបូជាចារ្យបានលើកទឹកចិត្តអ្នកចូលរួមឱ្យមានទំនុកចិត្តកាន់តែស៊ីជម្រៅលើព្រះគ្រីស្ត និងបើកចិត្តទទួលយកការត្រាស់ហៅរបស់ព្រះជាម្ចាស់។
បន្ទាប់មក អ្នកចូលរួមបានបន្តចូលរួមក្នុងវគ្គពិភាក្សាក្រុមតូចៗស្តីពីការត្រាស់ហៅ ភាពជាអ្នកដឹកនាំបែបបម្រើ និងប្រពៃណីនៃការអធិស្ឋានបែបតេហ្សេ (Taizé)។ នៅក្នុងកម្មវិធីនេះ លោកអភិបាល រីឆាត ង៉ (Richard Ng) នៃភូមិភាគនេះ ក៏បានអញ្ជើញចូលរួមផងដែរ ដោយលោកបានចំណាយពេលសំណេះសំណាលជាមួយយុវជន ដើម្បីផ្តល់ឱកាសឱ្យពួកគេបានប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកគង្វាលរបស់ពួកគេ។
