មេដឹកនាំព្រះសហគមន៍កាតូលិកអាស៊ី ចង់ឱ្យព្រះសហគមន៍ក្លាយជាប្រភពពន្លឺនៃក្តីសង្ឃឹម
ខណៈពេលដែលក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅអាស៊ី កំពុងរៀបចំខ្លួនដើម្បីជួបជុំគ្នាក្នុង កិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាកាតា ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកអគ្គអភិបាលនៃព្រះសហគមន៍កាតូលិកម៉ាឡេស៊ី ស៊ីមន ប៉ុហ្វ (Simon Poh) ដែលជាប្រធានការិយាល័យផ្សព្វផ្សាយសាសនានៃ FABC បានអំពាវនាវដល់មេដឹកនាំព្រះសហគមន៍អាស៊ី ឱ្យក្លាយជាប្រភពនៃក្តីសង្ឃឹមនៅក្នុងទ្វីបអាស៊ី។
លោកអគ្គអភិបាល ក៏បានលើកទឹកចិត្តដល់មេដឹកនាំព្រះសហគមន៍អាស៊ី ឱ្យចែករំលែកការអាណិតអាសូរ សេចក្តីមេត្តាករុណា និងការព្យាបាលរបស់ព្រះគ្រីស្ទ នៅក្នុងទ្វីបអាស៊ីដែលមានភាពចម្រុះ និងពហុវប្បធម៌។ លោកបានកត់សម្គាល់ថា អ្នកកាន់សាសនាផ្សេងៗគ្នា បានរស់នៅជាមួយគ្នាអស់ជាច្រើនសតវត្សមកហើយ ទោះបីជាតំបន់នេះបានជួបប្រទះនឹងជម្លោះ អាណានិគម និងការបែកបាក់នាសម័យកាលកន្លងមកក៏ដោយ។
លោកបាននិយាយថា ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏សង្គមអាស៊ីនៅតែបន្តបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងសម្រាប់ការរួមរស់ដោយសន្តិភាព ភាពសុខដុមរមនា និងការគោរពគ្នាទៅវិញទៅមក។
លោកអគ្គអភិបាល បានមានប្រសាសន៍ថា៖ «នាកិច្ចប្រជុំពេញអង្គខាងមុខនេះ យើងគួរបន្តស្មារតីនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ មកកាន់ទីក្រុងហ្សាកាតា ក្នុងខែកញ្ញា ឆ្នាំ២០២៥ ដែលក្នុងអំឡុងពេលនោះ សម្តេចប៉ាបបានអំពាវនាវឱ្យព្រះសហគមន៍ ពង្រឹងភាតរភាព ការសន្ទនា និងសាមគ្គីភាពក្នុងចំណោមប្រជាជនដែលមានប្រវត្តិខុសៗគ្នា»។
ជាចុងក្រោយ លោកអគ្គអភិបាលបានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពេញអង្គនៃសហព័ន្ធអន្តរសភាលោកអភិបាលនេះ បេសកកម្មដែលបានចាប់ផ្តើមដោយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នឹងបន្តសម្រាប់ព្រះសហគមន៍ ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងមនុស្សគ្រប់ជំនឿ វប្បធម៌ និងសញ្ជាតិនៅទូទាំងទ្វីបអាស៊ី៕