មុនទៅព័រទុយហ្គាល់ លោកហ្សេឡេនស្គី ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងសន្តិសុខនៅប្រ៊ុចសែល

ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី កាល​ពី​​ថ្ងៃទី២៨ ឧសភា នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ីក ក៏មានការចុះ​ហត្ថលេខា​​​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគីអំពីសន្តិសុខ​ដើម្បីពង្រឹងមធ្យោបាយយោធា​របស់​ទីក្រុង​គៀវ នៅក្នុងពេល​លំបាក​ក្នុងការធ្វើសង្រ្គាម​ដើម្បីតទល់នឹងទីក្រុងមូស្គូ។

មេដឹកនាំអ៊ុយក្រែន សិ្ថតនៅប៉ុន្មានម៉ោង​នៅប៊ែលហ្ស៊ីក ដើម្បីចុះហត្ថលេខាលើអត្ថ​បទច្បាប់​ជា​មួយ​​នឹងនាយករដ្ឋមន្រ្តី​ប៊ែលហ្ស៊ីច លោក អាឡិចហ្សង់ឌើ ដឺ គ្រូ។ នៅពេលថ្ងៃ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏ត្រូវទៅកាន់ព្រលានយន្តហោះយោធា មេលប្រូក នៅជិតទីក្រុងប៊្រុចស៊ែល នៅខណៈប្រទេសប៊ែលហ្ស៊ិកត្រូវរំឭកអំពី​ការសន្យា​របស់​ខ្លួន​ដើម្បីផ្គត់ផ្គងយន្តហោះប្រយុទ្ធ F-16 ដល់ទីក្រុងគៀវ។

យោងតាមរដ្ឋមន្រ្តីការពារជាតិប៊ែលហ្ស៊ីក លោកលូឌីវីន ដឺដុងឌើ បានឲ្យដឹងថា ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ២០២២ ប្រទេសប៊ែលហ្ស៊ីក បានសន្យាជួយអ៊ុយក្រែនឡើងដល់ ១,២ ពាន់លានអឺរ៉ូ ដែល ៩១៦ លានអឺរ៉ូ គឺត្រៀមសម្រាប់ឆ្នាំ២០២៤ តែមួយ។ ក្រសួងការពារជាតិ ប៊ែលហ្ស៊ិក ក៏​បាន​បណ្តុះបណ្តាលទាហានអ៊ុយក្រែន ជិត ២៥០០ នាក់។

ចំណែកនៅអំឡុងទស្សនកិច្ចនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ កាលពីថ្ងៃ២៧ ឧសភា លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានអំពាវនាវដល់លោកខាងលិច​ បង្ខំរុស្ស៊ី​ឲ្យស្វែងរក​សន្តិភាពតាម​គ្រប់​មធ្យោបាយ នៅខណៈដែលទីក្រុងគៀវ ទាមទារលទ្ធភាព​ប្រើប្រាស់អាវុធ​លោក​ខាង​លិច​ដើម្បី​វាយប្រហារ​ដែនដីរុស្ស៊ី។

រហូតមកដល់ពេលនេះ អាម៉េរិក និងអឺរ៉ុប បានបដិសេធមិនឲ្យអ៊ុយក្រែនវាយប្រហារ​ទីតាំង និង​មូលដ្ឋាននៅខាងក្រោយ​ក្នុងដែនដីរុស្ស៊ី​ជាមួយនឹងអាវុធរបស់លោកខាងលិច​ដោយខ្លាច​សង្រ្គាមកាន់តែរីកធំ ដែលផ្តល់ផលចំណេញដ៏ពិតប្រាកដដល់វិមានក្រឹមឡាំង។ ប៉ុន្តែបញ្ហានេះ ចាប់​ផ្តើមមានការពិភាក្សាក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច។

នាយករដ្ឋមន្រ្តីអេស្បាញ លោកពេដ្រូ សង់ស្ហ៉េ បានប្រកាស​អំពី​ជំនួយ​យោធា​ថ្មី​ដែល​មាន​ទឹក​ប្រាក់ ១ពាន់លានអឺរ៉ូ​សម្រាប់ឆ្នាំ២០២៤ នៅក្នុងក្របខណ្ឌ​នៃកិច្ចព្រមព្រៀងសន្តិសុខជាមួយ​ទីក្រុង​គៀវ។

អ៊ុយក្រែនទាមទារមានជាអាទិ៍ ប្រព័ន្ធប្រឆាំងមីស៊ីល និងការពារអាកាស Patriot របស់អាម៉េរិក ហើយអ៊ុយក្រែនជំរុញថា មិនមានពេលវេលាច្រើនទេដើម្បីទប់ទលជាមួយរុស្ស៊ី។

ពីទីក្រុងម៉ាឌ្រីដ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា គេមិនគ្រាន់តែត្រូវដាក់សំពាធ​លើរុស្ស៊ីនោះទេ ប៉ុន្តែក៏ទៅលើដៃគូរបស់យើង​ដើម្បីពួកគេ​ផ្តល់​ឲ្យយើងនូវលទ្ធភាព​ការពារ​ខ្លួន។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ត្រូវទៅ​ប្រទេសព័រទុយហ្គាល ដើម្បីសន្ទនាជាមួយនាយករដ្ឋ​មន្រ្តី​ល្វីស ម៉ុងតេណេហ្គ្រ៉ូ និងប្រធានាធិបតី ម៉ាកសឺឡូ រ៉ឺបឺឡូ ដឺ សូសា ក្នុងគោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ជាមួយអាជ្ញាធរ​ព័រទុយហ្គាល់។

ប្រធានាធិបតីអ៊ុយក្រែនមិនដែលបានទៅទស្សនកិច្ចនៅព័រទុយហ្គាល់ទេ ដែលតាំងពីខែកុម្ភៈ ឆ្នាំ២០២៣។ ព័រទុយហ្គាល់បានសន្យាផ្គត់ផ្គង់ដល់អ៊ុយក្រែននូវរថក្រោះធន់ធ្ងន់ Leopard 2 ចំនួន ៣គ្រឿង។

មិនដល់ ៣សប្តាហ៍ផង មុនកិច្ចប្រជុំកំពូល​សម្រាប់សន្តិភាពនៅអ៊ុយក្រែន ដែលត្រៀមធ្វើនៅ​ប្រទេសស្វីស លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទាត់ចោលសំណើររបស់ប្រទេស​ចិន និង​ប្រេស៊ីល​​ឲ្យអញ្ជើញរុស្ស៊ីចូលរួមផង និងវាយតម្លៃថា រឿងនេះត្រូវហាមឃាត់ដាច់ខាត។

 

Daily Program

Livesteam thumbnail